កងរាជអាវុធហត្ថខេត្តសៀមរាប និងស្នងការនគរបាលខេត្តសៀមរាប សហការគ្នាបើកវគ្គសិក្សា បំប៉នជំនាញនគរបាលយុត្តិធម៌ ដល់មន្ត្រីជំនាញនគរបាលយុត្តិធម៌ អង្គភាពទាំង២
18-02-2025 23:13
(សៀមរាប)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប រួមនឹងមន្រ្តីក្រោមឱវាទជំនាញ នគរបាលយុត្តិធម៌ នៃអង្គភាពទាំង២ បានរួមសហការគ្នាស្នើសុំដល់ស្ថាប័ន សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បើកវគ្គសិក្សាបំប៉នជំនាញនគរបាលយុត្តិធម៌ លើផ្នែកនីតិវិធី និងការកសាងសំណុំរឿងរបស់មន្រ្តីនគរបាលយុត្តិធម៌។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប និងលោក ឃី ឆៃ អនុប្រធានសាលាដំបូង តំណាងប្រធានសាលាដំបូង ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី មន្ត្រីសាលាដំបូង កងរាជអាវុធហត្ថ នគរបាល ទទួលជំនាញ នគរបាលយុត្តិធម៌ ជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
កម្មវិធីសិក្សាជំនាញនគរបាលយុត្តិធម៌ បានអនុញ្ញាតឲ្យសមាជិកដែលចូលរួមបានលើកឡើងជាសំណួរនៅពេលដែលមានចម្ងល់ និងទទួលបានចម្លើយពីការធ្វើបទបង្ហាញ និង ឧទ្ទេសនាមដោយ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង, លោកអនុប្រធាន សាលាដំបូង, ចៅក្រម នៃសាលាដំបូង ព្រមទាំង លោក-លោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាបផងដែរ៕