(ភ្នំពេញ)៖ បន្ទាប់ដំណើរការយ៉ាងស្វិតស្វាញ់អស់រយៈពេលពេញមួយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការប្រកួតវាយសីមិត្តភាពរវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងឈ្នះឈ្នះទាំងអស់គ្នា។

ទាំងពិធីបើកការប្រកួត និងបិទនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងទេសរដ្ឋមន្ដ្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន។

ការប្រកួតវាយសីមិត្តភាពនេះ គឺជាការប្រកួតលើកទី១ របស់ក្រុមកីឡាវាយសីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមកីឡាវាយសីរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលមានសមាសភាពចូលរួមចំនួនជាង១០០រូប និងមានកីឡាករ កីឡាការនី ប្រមាណចំនួន៣០រូប រួមមាន គូប្រកួតកិត្តិយស ចំនួន៥គូ និងគូប្រកួតមិត្តភាព ចំនួន៩គូ។

ថ្លែងក្នុងពិធីបិទការប្រកួតទាំងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង និងលោក គី តិច បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងរួមគ្នាឲ្យដំណើរការប្រកួតនេះប្រព្រឹត្តទៅបានដោយជោគជ័យ។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងទេសរដ្ឋមន្ដ្រី គី តិច បានគូសបញ្ជាក់ថា ការប្រកួតនេះស្ដែងពីការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និត រវាងកីឡាករ កីឡាការិនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ ព្រមទាំងដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាវាយសីនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី គី តិច បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភធនធានសម្ភារ និងថវិកាសម្រាប់រៀបចំដំណើរការប្រកួតនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត និងប្រគល់ពានរង្វាន់លើកទឹកចិត្តរួចហើយនោះ អង្គភាពទាំងពីរនេះ បានជួបជុំគ្នាទទួលទានអាហារសាមគ្គីប្រកបដោយភាពស្និតស្នាល និងកក់ក្ដៅបំផុត៕