(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០នាទីរសៀល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,១០៥នាក់។

ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវចំនុចការពង្រឹងសេវាសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ត្រូវយកចិត្តទុកដាក់លើកិច្ចការគាំពារមាតា និងទារក ឱ្យបានគត់មុតទាន់ពេលវេលា និងសកម្មបំផុត។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យ ក៏បានលើកយកករណីសិក្សាមួយទាក់ទងនឹងការផ្តល់ សេវាថែទាំនឹងព្យាបាល មកបង្ហាញនឹងបានធ្វើការពន្យល់ពីវិធីសាស្រ្ត និងរបៀបពិចារណាសម្រាប់ ដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាត្រៀមខ្លួនកុំឱ្យមានករណីណាមួយ កើតឡើងជាបន្តរទៀតនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកយកនិយមន័យរបស់ទស្សនវិជ្ជាមកចែករំលែក និងបានលើកឡើងពីសារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា ក៏ដូចការប្រើប្រាស់ទស្សនវិជ្ជានៅក្នុងជិវិតរស់នៅ និងជីវិតការងាររបស់មន្រ្តីសុខាភិបាល។

លោកសាស្រ្តាចារ្យបានចាប់ផ្តើមបាឋកថាដោយពន្យល់ពាក្យគន្លឹះ មួយចំនួនសម្រាប់ស្វែងយល់ពីទស្សនវិជ្ជា រួមមានៈ អង្គវត្ថុ បាតុភូត ដំណើរការវិវឌ្ឍន៍ ទម្រង់ ។ល។ ដែលពាក្យគន្លឹះទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ធ្វើការពិចារណាតាមបែបទស្សនវិជ្ជាទាំងពីរប្រភេទ គឺបែបសម្ភារៈនិយម (Dialectical Materialism) និងមនោនិយម (Idealism)។

លោកសាស្រ្តចារ្យ ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ខិតខំស្វែងយល់ពីទស្សនវិជ្ជា និងប្រើប្រាស់ទស្សនវិជ្ជា ដើម្បីបង្កើនគុណភាពនៃការពិចារណាឱ្យកាន់ តែមានភាពគ្រប់ជ្រុងជ្រោយ និងសមស្របតាមកាលវេលា និងបរិបទ៕