(កំពង់ធំ)៖ មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ធំ២នាក់ បានស្លាប់ ក្រោយពេលដែលរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បានបុករថយន្តរបស់ពួកគេ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុច ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះថា មន្រ្តីនគរបាលចរាចរណ៍របស់លោកទាំង២បានស្លាប់ ខណ:ពួកគេកំពុងធ្វើដំណើរតាមរថយន្ត ទិសដៅពីខេត្តកំពង់ធំ ទៅសៀមរាប ហើយរថយន្តដឹកទំនិញទិសដៅបញ្ច្រាស់គ្នា។
បើលោកស្នងការ មន្រ្តីនគរបាលចរាចរណ៍ទាំង២នាក់នេះ បម្រើការងារនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត។
មន្រ្តីនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណាង និងម្នាក់ទៀតឈ្មោះ ម៉ក់ បញ្ញា ចំណែកម្ចាស់រថយន្តដឹកទំនិញរងរបួសស្រាល។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕