(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបើកជំរំ យុវជនក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា» នៅបរិវេណវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ស្រុកកងមាស។

លោកអភិបាលខេត្ត បានថ្លែងថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។

លោកអភិបាលខេត្ត បានបន្តថា ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខាឱ្យដឹកនាំអនុវត្ត។ទាំងអស់នេះហើយដែលគេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែលក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារគ្រប់គ្រងក្មួយៗនឹងទទួលបានបទពិសោធន៍ទៅតាមកម្មវិធីដែល គណៈកម្មការ បានកំណត់ និងណែនាំ។

ទន្ទឹមនឹងនោះក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍបំណិនជីវិតរបស់ក្មួយៗក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ។ ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិនដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ៕