(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារជំនាញផ្នែក Cyclotron ប្រចាំតំបន់មហាសមុទ្រឥណ្ឌា ដឹកនាំដោយលោក Christian MERIAU, Directeur du GIP CYROI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសផ្នែក Cylotron ដែលបានមកជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្ត ស៊ីក្លូត្រុងបន្ថែម និងផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត គាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។

លោកសាស្ត្រាចារ្យ Christian MERIAU បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានអបអរសាទរដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកខាងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីគោលបំណងជួយកម្ពុជាបន្ថែមរួមមាន៖

១៖ ជួយបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញការជនជាតិខ្មែរ លើបច្ចេកទេសស៊ីក្លូត្រុង

២៖ ទទួលនិស្សិតខ្មែរដែលចង់ធ្វើកម្មសិក្សា និងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការងារស៊ីក្លូត្រុង

៣៖ ជួយសម្របសម្រួលបញ្ជូនអ្នកជំនាញផ្នែកស៊ីក្លូត្រុងមកជួយបណ្តុះបណ្តាលនៅកម្ពុជា

៤៖ ជួយផ្តល់ប្រឹក្សាលើបច្ចេកទេសសាងសង់សំណង់ និងដំណើរការមជ្ឈមណ្ឌលស៊ីក្លូត្រុងនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍លើគម្រោងសហប្រតបត្តិការ ដែលបានស្នើឡើងខាងលើដោយភាគីបារាំង ព្រមទាំងសង្ឃឹមនិងជឿជាក់ថា ក្រុមការងារជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារបច្ចេកទេស របស់លោកសាស្ត្រាចារ្យ Christian MERIAU សហការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការរៀបចំ និងការដំណើរការប្រព័ន្ធស៊ីក្លូត្រុង (Cyclotron System) នៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យបានឆាប់រហ័សសម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺមហារីក ដែលកំពុងទន្ទឹងរង់ចាំទទួលបានសេវាព្យាបាលកម្រិតខ្ពស់បំផុតនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕