(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ចូលរួមតាក់តែងគោលនយោបាយសាធារណៈ លើកិច្ចការវិនិយោគវិស័យសំណង់។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ និងការចុះអនុស្សរណ:នៃការយោគយល់គ្នារបស់សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧប​នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ឱ្យមានការឯកភាពសហការចូលរួមពិភាក្សាជាមួយក្រសួង​ និងអគ្គនាយកដ្ឋានសំណង់ ដើម្បីតាក់តែងគោលនយោបាយសាធារណៈលើកិច្ចការវិនិយោគ សំណង់ និងស្ថាបត្យកម្មនេះឱ្យបានល្អ ជាប្រយោជន៍ក្នុងកិច្ចដំណើរការដោយរលូនលើវិស័យទាំងនេះនៅក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងនូវទស្សនទាននិងគំនិតមួយចំនួនដើម្បីឱ្យមានការឯកភាពគ្នានៅក្នុងសមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជាក៏ដូចជាដំណើរការរបស់សង្គមជាតិផងដែរ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ចំពោះការកសាងជាតិមិនមានអ្វីដែលលំបាកពេកនោះទេសម្រាប់កម្ពុជា ព្រោះកម្ពុជាជាប្រទេសតូច និងបានដើរលើផ្លូវដ៏ត្រឹមត្រូវមួយតាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដូច្នេះត្រូវបន្តការកសាងជាតិចាប់ពីពេលនេះតទៅមុខទៀត ត្រូវបោះជំហានឲ្យបានត្រឹមត្រូវឆ្ពោះទៅមុខ និងមិនត្រូវថយក្រោយឡើយដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍជារៀងរហូត។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជោគវាសនាអនាគតរបស់ប្រទេសជាតិ គឺស្ថិតនៅលើដៃរបស់យើងទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា គូសវាសគិតគូរធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និងមានសុភមង្គលតជំនាន់៕