(ភ្នំពេញ)៖ នៅថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២៥ សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ទី៩ ចំនួន៣៥១នាក់ នៅសាខាសែនសុខ ច្បារអំពៅ ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug។
លោក លោកស្រីជានាយកចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងសែនសុខ ច្បារអំពៅ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់នូវបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ ទី៨ ទី៩។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យគ្រោះថ្នាក់ និងឈានទៅលុបបំបាត់ បញ្ហាដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ «អនាគតយុវជនមិនអាចរីកលូតលាស់បានជាមួយគ្រឿងញៀនទេ»។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ដែលកម្ពុជា និងពិភពលោកប្រមូលផ្ដុំប្រយុទ្ធប្រឆាំង។ ដោយឡែកកម្ពុជាបានប្រើប្រាស់គ្រប់លទ្ធភាពមធ្យោបាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពិសេសសិស្សានុសិស្សកុំទៅពាក់ព័ន្ធនិងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ «ការរួមគ្នាជួយឲ្យយុវជនចៀសផុតបានពីបញ្ហាគ្រឿងញៀនគឺជាកុសលដ៏ប្រពៃថ្លៃថ្លា»។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរអ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់ App NoDrug: https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ដែលបច្ចុប្បន្នគឺ App NoDrug ទទួលបានការរាយការណ៍លើស១០០០ករណីហើយ។
វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត ឧត្តមសេនីយ៍ត្រី ឈិន ភូមា បានបង្ហាញចែករំលែកជូនអ្នកចូលរួមនូវចំណេះដឹងទូទៅពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិចនិងការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕