(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថា «រូបភាពនៃទង្វើរបស់មន្រ្តីចរាចរណ៍មួយក្រុមនៅពេលនេះ គឺជារូបភាពមួយដែលអាក្រក់ពេកហើយ» ស្របពេលដែលឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ !

លោកបណ្ឌិត យង់ ពៅ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ «រូបភាពនៃទង្វើរបស់មន្រ្តីចរាចរណ៍ ធ្វើឱ្យពលរដ្ឋស្អប់អាជ្ញាធរកាន់តែខ្លាំង ហើយគេទម្លាក់កំហុសទៅលើរដ្ឋាភិបាលទៅវិញ ខណៈថ្នាក់ដឹកនាំជូនកាលលោកមិនបានជ្រាបទេ អីចឹងសង្ឃឹមថា ករណីឯកឧត្តមបណ្ឌិត សុខ ទូច អាចជ្រាបដល់ថ្នាក់ដឹកនាំទៅចុះ»

លោកបណ្ឌិត យង់ ពៅ បានលើកជាឧទាហរណ៍ថា៖ «កសិករដឹកបន្លែមកផ្សារលក់ចំណេញបាន៣ម៉ឺនរៀល បើចំថ្ងៃស៊យ នគរបាលរាជការចាប់ល្បឿន អស់៥ម៉ឺនរៀល កូនស៊ីសៀង នៅមិនទាន់បូកថ្លៃសងធនាគារទៀត។ បញ្ហាទាំងអស់ ទេវតាជាអ្នកខុសចុងក្រោយ...? ករណីខ្ញុំផ្ទាល់ឆ្នាំ២០២៣, ខ្ញុំចុះឃោសនាបោះឆ្នោត មានម្តងនោះ ក៏លោកបងនគរបាលផាកល្បឿនអស់៣០ម៉ឺនរៀលដែរ។ អាសូរផងអស់លោក កុំឱ្យពលរដ្ឋ ទ្រាំនឹងការអនុវត្តច្បាប់ មិនសុចរិតភាពពេកអី...? (កែផង)»។

លោកបណ្ឌិត បានអំពាវនាវឱ្យមានការឆ្លុះបញ្ចាំងឱ្យពិនិត្យមើលថា ការអនុវត្តកន្លងមករបស់មន្រ្តីចរាចរណ៍មួយចំនួន តើមានសុចរិតភាពហើយឬនៅ? ហើយសង្ឃឹមថាថ្នាក់ដឹកនាំនឹងជ្រាបពីអារម្មណ៍ពិតរបស់ពលរដ្ឋ៕