(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវគ្រប់គ្រងឱ្យបានការបូជាសព នៅតាមទីសាធារណៈ ឬទីប្រជុំជន និងត្រូវពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ដោយត្រូវបូជាសពនៅឈាបនដ្ឋាន ឬកន្លែងសមរម្យដែលមានសុវត្ថិភាព។
លោក ខូយ រីដា បានណែនាំបែបនេះ នៅសាលប្រជុំថ្មីសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់មីនា ឆ្នាំ២០២៥ ដោយបានការចូលរួមពី អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, តំណាងអយ្យការអមសាលាដំបូងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានរាយការណ៍ ពាក់ព័ន្ធ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍ថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងទិសដៅដែលបានដាក់ចេញកន្លងមក។
លោកបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតសំខាន់លើការ ជំរុញការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីចង់ចាំ និងរំលឹកឡើងវិញ អំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ខ្លោចផ្សារ មិនអាចថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល និងបានបន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជាក់ស្តែងក្រោមម្លប់សន្តិភាពនេះ បានធ្វើឱ្យខេត្តពោធិ៍សាត់ មានឱកាសអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគគួរឱ្យកត់សម្គាល់។
ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានដាក់ចេញនូវទិសដៅ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក យកទៅអនុវត្តបន្ត ចំនួន១១ចំណុចធំៗ រួមមាន៖
ទី១៖ ជំរុញការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ នៅក្នុងខេត្តពោធិ៍សាត់ នឹងសូមចូលរួមអបអរសាទរ អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម បានចាប់ផ្តើមចូលរួមថវិកាកសាងស្តូប ចំនួន១០ម៉ឺនដុល្លារ
ទី២៖ ចំពោះសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាត ភូមិ ឃុំ សង្កាត់ គឺគ្មានសំរាម
ទី៣៖ ត្រូវទប់ស្កាត់ឱ្យបាន បទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងធនធានធម្មជាតិ
ទី៤៖ មន្ទីរសាធារណការ ត្រូវត្រួតពិនិត្យឡើងវិញការកែច្នៃរថយន្តខុសបច្ចេកទេស ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ រនិងមិនត្រូវឱ្យបិទស្ទិកគ័រ នៅលើកញ្ចក់ ហើយប្រសិនបើមានត្រូវបកចេញទាំងអស់ លើកលែងតែពន្ធ និងចៀកផ្លូវ
ទី៥៖ ខិតខំលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ
ទី៦៖ ជុំវិញការលើកសំណើតែងតាំងមន្ត្រី សូមឱ្យត្រូវនឹងឧបនិស្ស័យ និងសកម្មការងារ ហើយត្រូវមានការវាយតម្លៃ ពីក្រុមប្រឹក្សា និងគណៈអភិបាល ខេត្ត/ស្រុក/ក្រុង
ទី៧៖ ចំពោះធនធានមនុស្ស ត្រូវរៀបចំបើកវគ្គកសាងសមត្ថភាពមន្ត្រី ដោយសហការជាមួយ អគ្គរដ្ឋបាល និងអគ្គធនធានមនុស្ស
ទី៨៖ រដ្ឋបាលខេត្តក្រុង ស្រុក មន្ទីរ អង្គភាព តាមដានវត្តមានមន្ត្រីក្រោមឱវាទរបស់ខ្លួន ប្រចាំរៀងរាល់ថ្ងៃ
ទី៩៖ សូមឱ្យរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្ត លើលិខិតបទដ្ឋានគតិយុត្តនានា ឱ្យបានត្រឹមត្រូវ
ទី១០៖ ត្រូវពង្រឹងកម្លាំងល្បាត និងមានកិច្ចសហប្រតិបត្តិការល្អ តាមព្រំដែន កម្ពុជា-ថៃ
ទី១១៖ ផ្សព្វផ្សាយ និងបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីសមិទ្ធផលនានារបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រសូតចេញពីគ្រួសារកសិករ។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានផ្តល់ជូនប័ណ្ណសរសើរ ដល់មន្ទីរអង្គភាព ដែលមានស្នាដៃល្អ ក្នុងការដឹកនាំ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន អនាម័យល្អ នៅក្នុងអង្គភាពផងដែរ៕