(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យមន្ត្រីខិតខំធ្វើការឡើង និងបញ្ចប់ទស្សនៈ «គេធ្វើ ខ្លួនឯងចាំទទួលផល»។ ចំពោះទស្សនៈ «គេធ្វើ ខ្លួនឯងចាំទទួលផល» ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា ជាពាក្យហួសសម័យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សារណៈ និងជំនួបធុរកិច្ច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ធ្វើអ្វីក៏ដោយ ជឿខ្ញុំ ត្រូវមូរជើងខោចុះភក់ បើមិនមូរជើងខោចុះភក់ទេ អត់បានទេ។ ម៉ោងនេះ មិនមែនម៉ោងថា ចាំឲ្យគេធ្វើទៅ អ្នកនោះហត់តែគេទៅ យើងគង់តែបានផលដែរទេ។ សម័យកាលនេះ ហួសហើយ»

ទស្សនៈរបស់លោកឧបនាយករដ្ឋមន្ត្រី ចង់សម្តៅដល់ការធ្វើការងារជាក្រុម ដែលមានបុគ្គលមិនខិតខំធ្វើការទេគឺចាំតែទទួលផល។ ជាមួយនឹងការលើកឡើងនេះ លោកបានលើកឧទាហរណ៍ រឿងក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញពាក្យមួយឃ្លាថា «អ្នកចេះគឺជាប់» ដែលបុគ្គលគ្រប់រូបត្រូវតែខិតខំដោយខ្លួនឯង កុំរំពឹងអ្នកដទៃ៕