រថយន្តបាឡែន បុករថយន្តដឹកដីនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថ៤នាក់
18-02-2025 17:13
(រតនគិរី)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ២៖៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។
បើតាមកម្មករដាំចេកក្នុងចំការខាងលើ បានប្រាប់ថា ពួកគាត់បានឃើញរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវ លុះរថយន្តរងគ្រោះខាងលើបើកមកក៏បុកគ្នាពេញទំហឹងតែម្តង។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ បើតាមលោកឧត្តមសេនីយ៍ស្នងការ, អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕