(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានសម្តែងនូវការប្រតិកម្មចំពោះទង្វើរបស់មន្រ្តីនគរបាលចរាចរណ៍ ដែលបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការ យ៉ាងអសីលធម៌ចំពោះលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ដដែលនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ !

ពាក់ព័ន្ធបញ្ហានេះលោកបណ្ឌិត គិន ភា បានសរសេររៀបរាប់នៅបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ល្មមដល់ពេលវេលាដែលត្រូវព្យាបាលដំបៅសង្គមនេះហើយ!

បញ្ហាសង្គមយើងបច្ចុប្បន្នប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតនៅលើអវៈយាវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយរាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ឱ្យសោះ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងទៀតផង។

សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ពួកគេមិនមានការគួរសមផង ចុះទម្រាំប្រជាពលរដ្ឋធម្មតា តើឥរិយាបទពួកគេបែបណា?

ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសកម្មភាពកន្លែងកើតហេតុដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។ ពួកគេមិនបានបង្ហោះសកម្មភាពទាំងមូលទេ។

សកម្មភាពរបស់នគរបាលចរាចរណ៍បែបនេះ មិនបង្ហាញពីការអនុវត្តប្រកបដោយក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈនោះទេ។ ពួកអស់លោកកំពុងតែរុញឱ្យរាជរដ្ឋាភិបាលបាក់មុខ ក្រសួងមហាផ្ទៃបាក់មុខ និងអគ្គស្នងការដ្ឋាននគរបាលជាតិបាក់មុខហើយ។

សូមអស់លោកទៅសម្ភាសន៍ប្រជាពលរដ្ឋទៅ តើមានប្រជាពលរដ្ឋប៉ុន្មានភាគរយដែលគិតថា នគរបាលចរាចរណ៍បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នោះ?

សូមកុំរុញឱ្យខ្លោច រោចឱ្យឆៅ!