(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកធ្វើដំណើរ និងបុគ្គលិក ក្រោយមានអគ្គិភ័យឆេះអគារC ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ «វីននឺស» ដោយសារ ឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចក្រុងបាវិត បានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC (០៤) ជាន់ទី៥ ក្នុងបរិវេណកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអគ្គិភ័យឆេះក្នុងបរិវេណកាស៊ីណូវីននឺសភ្លាម លោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានដឹកនាំមន្ត្រីក្រោម ឱវាទចុះជួយពន្លត់ករណីអគ្គិភ័យឆេះ ដោយបានប្រើប្រាស់ទឹកអស់ចំនួន១រថយន្តមកបាញ់ពន្លត់។

ក្នុងហេតុការណ៍អគ្គីភ័យនោះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ខណៈខូចខាតសម្ភារមួយចំនួន ដូចជា កុំព្យូទ័រជាច្រើនគ្រឿង និងសម្ភារប្រើប្រាស់នៅក្នុងបន្ទប់ហូបបាយផងដែរ។ 

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង)៕