(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាព នៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋាន បាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើង ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺនេះ តែងតែតាមយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា គិតមកដល់ពេលនេះ នៅតែអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយសកម្មភាព នៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើង ទៅវិញទៅមក ដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈាម។
លោកស្រីអ្នកនាំពាក្យបានបន្តថា អាជ្ញាធរខណ្ឌទាំង១៤ ក្រោមការសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសយ៉ាងមមាញឹក ពោលគឺមិនទាន់បានសំរាកនូវឡើយទេ។ នេះជាគិតគូររបស់លោក ឃួង ស្រេង ចំពោះសុខភាពសាធារណៈប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២៥កន្លងមក លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី១ ហើយកាលពីថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងជុំទី២ទៀត ដោយសារមើលឃើញថាមូស បានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋបន្តទៀត។
គួរបញ្ជាក់បន្ថែមថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ចំណែកជុំទី២នេះ បានអនុវត្ត កាលពីថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបង្វែរការបាញ់ថ្នាំសម្លាប់មូសពីខាងក្រៅមកបាញ់តាមផ្ទះប្រជាពលរដ្ឋវិញ ដើម្បីសម្លាប់មូសគ្រប់ប្រភេទ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ កាត់បន្ថការព្រួយបារម្ភរបស់បងប្អូន ដោយសារតែកាលពីជុំទី១ ក្រុមការងារចុះបាញ់ថ្នាំមូសបានបាញ់នៅខាងក្រៅផ្ទះប្រជាពលរដ្ឋពោលគឺបាញ់នៅតាមប្រឡាយ លូ និង តាមព្រៃប៉ុណ្ណោះ ហើយសម្មភាពនេះ មកដល់ថ្ងៃទី១៨កុម្ភៈនេះ មិនទាន់បានបញ្ចប់នូវឡើយទេ៕