(ព្រៃវែង-កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការី ចុះពិនិត្យមើលការប្រមូលផលស្រូវពូជសែនក្រអូប របស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យដល់ស្រែផ្ទាល់ លោកបណ្ឌិតបានសង្កេតឃើញថា ពូជស្រូវសែនក្រអូបនេះមានកួរធំៗ គ្រាប់ច្រើន និងផ្តល់ទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់។
ការប្រមូលផលពូជស្រូវរបស់លោក ឈិត ប៊ុនថន គឺធ្វើឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិត បានអញ្ជើញពិនិត្យមើលដំណើរការរក្សាទុកពូជស្រូវ និងសម្ងួតស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដើម្បីរក្សាបានគុណភាពខ្ពស់ឆ្លើយតបតាមតម្រូវការទីផ្សារ។
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យមើលការប្រមូលផលពូជស្រូវសែនក្រអូប របស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ បណ្ឌិត កៅ ថាច បានបន្តដឹកនាំសហការីចុះពិនិត្យមើលការដាំបន្លែ និងការចិញ្ចឹមត្រីនៅកសិដ្ឋានជ័យធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនោះផងដែរ លោកបានចុះពិនិត្យមើលផ្ទាល់ទៅលើ ការដាំឪឡឹក ការចិញ្ចឹមត្រី ការសាងសង់រោងប្រជុំការដាំម្ទេសដៃនាង ស្ពៃក្រញាញ់ រួមនិងការដាំប៉េងបោះឈឺរីផងដែរ៕