(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «ពង្រឹងភាពជាដៃគូរវាងសេវា សុខាភិបាល សាធារណៈនិងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ក្រោមអធិបតីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចពិភាក្សានេះ ក៏មានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញធ្វើជាអ្នកសម្របសម្រួលកិច្ចពិភាក្សាជូនវាគ្មិនជាអ្នកជំនាញចំនួន ៣រូប មានលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម, លោកស្រីសាស្រ្តាចារ្យជំនួយ វេជ្ជ. គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក សាន់រ៉ាយ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ មកពីមន្ដ្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, មន្ដ្រីសាខាខេត្ដ, អ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ មេគង្គកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញឡើងថ្លែងបើកកិច្ចពិភាក្សាខាងលើនេះ ដោយបានគូសបញ្ជាក់ពីគោលបំណងកិច្ចពិភាក្សា និងការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក។

ដូច្នេះតាមរយៈកិច្ចពិភាក្សានេះ លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា ប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានរៀបចំឱ្យមានកិច្ចពិភាក្សានេះឡើយ ហើយមានវាគ្មិនចូលរួមពីអ្នកជំនាញក្នុងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដែលជាដៃគូ មិនអាចខ្វះគ្នាបាន ដើម្បីចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក តាមគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។

ជាពិសេសកិច្ចពិភាក្សាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិបន្ដ យល់ច្បាស់ពីវិធីសាស្រ្តថែរក្សាសុខភាព និងការស្វែងរកសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬឯកជន ដែលឆ្លើយតបនឹងបញ្ហាសុខភាពរបស់ខ្លួន។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក សាន់រ៉ាយ ដែលជាវាគ្មិនមួយបានបង្ហាញចំណាប់អារម្មណ៍ផងដែរថា លោកពិតជាសប្បាយចិត្ដ ដែលបានចូលរួមចែករំលែកនូវសារសុខភាពសំខាន់ៗជូនដល់និស្សិត និងអ្នកចូលរួមទាំងអស់ ដើម្បីស្វែងយល់ច្បាស់ពីអ្វីដែលខ្លួនយើងត្រូវតែយកចិត្ដទុកដាក់សម្រាប់សុខភាពខ្លួន កូន និងសមាជិកគ្រួសារ។

ចំណែកលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សានេះ ក៏បានលើកឡើងថា កិច្ចពិភាក្សានេះគឺមានសារៈសំខាន់ណាស់ ក្រោយពីពេលដែលបានជជែកឆ្លើយឆ្លងគ្នារវាងវាគ្មិនៗ ហើយក៏មានសំណួរចម្លើយពីនិស្សិតដែលចូលរួម គឺបានធ្វើឱ្យកិច្ចពិភាក្សានេះ ទទួលបានធាតុចូលសំខាន់ៗជាច្រើន ដើម្បីយកទៅផ្សព្វផ្សាយបន្ដដល់ក្រុមការងារ និងប្រជាពលរដ្ឋយើងនៅតាមខេត្ដ ក៏ដូចជាក្នុងសហគមន៍។

សូមជម្រាបថាកិច្ចពិភាក្សាខាងលើនេះ គឺបានប្រព្រឹត្តទៅប្រកបដោយភាពផុលផុស ពីប្រធានបទខាង ជាពិសេសសំណួរចម្លើយរវាងវាគ្មិន និងអ្នកចូលរួម។ ជាមួយគ្នានេះដែរ យុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ មេគង្គកម្ពុជា ក៏បានលើកឡើងពីចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតឱ្យមានវេទិកានៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។

គួររម្លឹកថាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានផ្តួចផ្តើមបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការចុះអប់រំផ្សព្វផ្សាយផ្ទាល់ និងប្រយោលដល់សហគមន៍ ពីការថែរក្សាសុខភាព និងការបង្ការ ការពារ ទប់ស្កាត់នូវជំងឺឆ្លង និងមិនឆ្លង ពិសេសផ្ដោតសំខាន់លើការជួយកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារក នៅកម្ពុជា។

លើសពីនោះក្រុមការងារក៏បានបង្កើតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ មួយ សម្រាប់ផ្សព្វផ្សាយក្នុងមួយខែម្តងបន្ថែមទៀត តាមកញ្ចក់ទូរទស្សន៍ ដែលមានវាគ្មិនកិត្តិយសចូលរួម ដើម្បីបកស្រាយលើប្រធានបទផ្សេងៗ ស្របទៅតាមស្ថានភាពសុខភាពជាសកល។ គិតត្រឹមខែមករា ឆ្នាំ២០២៥នេះ កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ បានបង្កើតប្រធានផ្សេងៗ និងចាក់ផ្សាយជាលើកទី៦១ហើយ សម្រាប់ដើមឆ្នាំនេះ៕