(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (The U.S. Congressman Delegation - CODEL) ដែលរួមមានលោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ, លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ និងសហការី ដោយបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។
ក្នុងឱកាសទទួលទានអាហារពេលល្ងាចដ៏មនោរម្យនាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមផងដែរពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោកស្រីរដ្ឋមន្ត្រីស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានលោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូបផ្សេងទៀត៕