(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន Total Energies ដើម្បីសិក្សា និងពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ក្នុងជំនួបសម្តែងការគួរសម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើឡើងដើម្បីស្វែងយល់បន្ថែមពីចក្ខុវិស័យរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានដូចជាផ្លូវទឹក កំពង់ផែ ផ្លូវដែក និងផ្លូវល្បឿនលឿនជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការសិក្សា និងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះលោករដ្ឋលេខាធិការ ពៅ ម៉ាលី ក៏បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Total Energies ដែលកន្លងមកតែងតែចូលរួមគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រសួង រួមមានការឧបត្ថម្ភមួកសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក៕