(ភ្នំពេញ)៖ កាយវិការរបស់នគរបាលចរាចរណ៍រុញច្រានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពេលគាត់ព្យាយាមអូសវ៉ាលី​ចេញ​ពីកន្លែងកើតហេតុ បានធ្វើឱ្យសាធារណជនសម្តែងក្តីសង្វេគ និង​ហួសចិត្តជាពន់ពេក។

វិដេអូនោះក៏បង្ហាញពីមន្រ្តីនគរបាល ជិត១០នាក់ដែលឡោមព័ទ្ធបណ្ឌិត សុខ ទូច និងចាប់រុញលោកបណ្ឌិត ស្ទើរដួលចង់ផ្កាប់មុខ, សាធារណមតិបានលើកឡើងថា មន្រ្តីទាំងនោះមិនគួរត្រូវបានលើកលែងនោះឡើយ !

នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ដដែលនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ !

ខាងក្រោមជាមតិយោបល់មួយចំនួនរបស់អ្នកលេងបណ្តាញសង្គម ដែលបញ្ចេញគាំទ្រលោកបណ្ឌិត សុខ ទូច៖

Vanseang Sok៖ មានគោរម្យងារជាបណ្ឌិតសភាចារ្យ ជាគោរម្យ​ងារ​បណ្ឌិត​ថ្នាក់ខ្ពស់ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋ​មន្ត្រី ប៉ុន្តែបែរជាទទួលរងការប្រមាថបែបនេះ ចុះទម្រាំពលរដ្ឋតូចតាចវិញ?

XiChun Sim៖ តម្លៃនៃកិត្យានុភាពរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ត្រូវបាន​ថម​ថយដោយសារមន្ត្រីថ្នាក់ក្រោមមួយចំនួនតូចបំពេញ​តួនាទីពុំមាន​ក្រឹត្យ​ក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានម៉ត់ចត់ ទើបធ្វើឱ្យប្រជាពលរដ្ឋខឹង​សម្បា​ដោយសារតែមន្ត្រីមួយក្តាប់តូច។ ខ្ញុំមិនជំទាស់នោះទេ ចំពោះគោលការណ៍​នៃការអនុវត្តច្បាប់ ព្រោះថាច្បាប់ត្រូវមានការអនុវត្តឲ្យបានត្រឹមត្រូវ និង ប្រកប​ដោយសមភាព តម្លាភាព ប៉ុន្តែក្នុងករណីដែលប្រើប្រាស់នូវ​ពាក្យ​សម្តីក្នុងការអនុវត្ត សូមមន្ត្រីគ្រប់រូបប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រម​សីល​ធម៌ និងវិជ្ជាជីវៈនេះតឹងរឹង។

Smeyy៖ ពុទ្ធោ! ចោមរោមគាត់ ធ្វើដូចគាត់ហ្នឹង ភេរវជន ឬពួកភេរវករ​ក្បត់​ជាតិទៅហើយ ឱ! លោកអើយ សែនអាសូរអាណិតគោរមងារ​នៃឯក​ឧត្តមបណ្ឌិត ដែលគោរមងារត្រូវបានប្រទានដោយព្រះមហា​ក្សត្រជាទី​សក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ស្ទើរស្រក់ទឹកភ្នែក។

មិនគួរណា​មានរូបភាព​បែបនេះកើតឡើងចំពោះឯកឧត្តមបណ្ឌិត​នោះ​ឡើយ សែនសង្វេគ ឯកឧត្តម ជួយប្រទេសជាតិយើងបានច្រើនណាស់ បុគ្គលមួយក្តាប់នេះ គុណសម្បត្តិមានមិនស្មើនឹងរោមជើងរបស់គាត់ផង។
នេះគឺជាសេចក្តីប្រមាទមួយ ដែលយើងខ្ញុំមិនអាចទទួលយកបានពីពួក​ប៉ូលិសចរាចរណ៍មួយក្តាប់នេះ វីដេអូនេះ អសីលធម៌ហួសពាក្យនឹងថ្លែង វាដូចជាក្រុមហ្វូងចចកមួយក្រុម កំពុងប្រមាញ់តាមខាំហែកស៊ីទន្សាយ​មួយ ដែលគ្មានវិធីតតាំង។

Seak Leng Chomreun៖ ជាមន្រ្ដីរាជការគួរណាតែមានសុជីវធម៌ ពាក្យសម្ដី អាកប្បកិរិយា មិនមែនត្រូវប្រើទង្វើបែបមនុស្សអត់វិជ្ជាទៅ​លើ​បណ្ឌិត សុខ ទូច ដែលតំណាងបញ្ញាវន្ដ័ទូទាំងប្រទេសបែបនេះទេ និយាយ​តាម​ត្រង់មន្រ្ដីចរាចរណ៍មួយចំនួនតូចបែបនេះហើយបានជា​ប្រជាជន​មាន​ការខឹងសម្បាដោយទង្វើបែបនេះ។

Koun Geen Socheat៖ បើនិយាយពីគុណសម្បត្តិរបស់​លោកបណ្ឌិត​ក្នុងការបម្រើជាតិ តាំងពីអស់លោកមន្ត្រីនៅជាជនពាលផងមិនដឹង។ ចេញ​សិក្សាបញ្ហាព្រំដែនតតាំងជាមួយក្រុម សម រង្ស៊ី ឆ្លើយសំនួរតតាំង​នៅវិទ្យុ​អាសុី​សេរី ការពារព្រៃនៅតំបន់ព្រៃអភីរក្សតេជោ សិក្សាប្រព័ន្ធអប់រំខ្មែរ បង្កើត​រាជបណ្ឌិតសភា បណ្ដុះបណ្ដាលបង្កើតបានបណ្ឌិតរាប់រយនាក់ បែរ​ជាមកត្រូវជនពាលខ្វះការរៀនសូត្រ ចូលធ្វើជាមន្រ្តីតាមអំពើងងឹត មករុញ​ច្រានមើលងាយមិនឲ្យតម្លៃបែបនេះទៅវិញ។

ម៉ាក់ អាហួរ៖ តំណែងប្រធានរាជបណ្ឌិតសភាកម្ពុជា តែបែរជាមន្ត្រី​ចរិត​ថោកទាប រុញច្រានដូចក្មេងពាល ទង្វើបែបនេះសរបញ្ជាក់ថា ស្ថាប័ន​ប៉ូលីសប្រហែលមិនបានបង្រៀនក្រមសីលធម៌ វិជ្ជាជីវៈកាងាទេ មួយក្រុម​នឹងគួរលុយឈ្មោះចេញពីបញ្ជីតែម្តងទៅ ទុកក៏គ្មានចំនេញជាតិអ្វីដែរ។

ខាងលើគ្រាន់តែ Comment មួយចំនួនប៉ុណ្ណោះ ដែលយកមកចុះផ្សាយ នៅមានមតិយោបល់រាប់ពាន់ Comment ទៀត៕