(ភ្នំពេញ)៖ នាយប់ថ្ងៃទី២៤ ខែតុលានេះ ក្រុមហ៊ុនទទួលបន្ទុករៀបចំភ្លើងពណ៌ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី១ បានសម្ដែងភ្លើងលក្ខណៈទ្រង់ទ្រាយធំមួយ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនបង្ហាញពីភាពអស្ចារ្យក្នុងឱកាសពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី២៨ ខែតុលាខាងមុខ ដែលនឹងធ្វើឡើងក្រោមអធីបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ក្រុមហ៊ុនភ្លើង ត្រៀមបំពាក់ឧបករណ៍ទំនើបៗអមដោយបទភ្លេងក្នុង ពិធីបើកការប្រកួតកីឡាជាតិ លើកទី១ ជាប្រវត្តិសាស្រ្ដរបស់កម្ពុជាខាងមុខនេះ គឺជាក្រុមហ៊ុនត្រៀមរៀបចំភ្លើងក្នុងការប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៧ខាងមុខ។
អគ្គលេខាធិការ NOCC ដដែលរូបនេះ បានបន្ដថា ចំពោះការប្រកួតកីឡាជាតិនេះវិញ ក្រុមហ៊ុនខាងលើនឹងរៀបចំមានលក្ខណៈការប្រកួតកីឡាស៊ីហ្គេមដែរ ព្រោះការបង្កើតព្រឹត្តិការណ៍នេះ គឺដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហេតុនេះហើយទើបគណៈកម្មការរៀបចំកម្មវិធី បានហៅក្រុមហ៊ុនស្ដង់ដាបែបនេះមករៀបចំ ហើយក្រៅពីការបំពាក់ភ្លើងស្ដង់ដាអន្ដរជាតិនេះ ក៏មានកម្មវិធីដ៏សម្បូរបែរជាច្រើនផ្សេងទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនោះលោក វ៉ាត់ ចំរើន ក៏បានធ្វើការអំពាវនាវដល់មហាជន មេត្ដាចូលរួមទស្សនា និងគាំទ្រពិធីបើកការប្រកួតកីឡាជាតិ នាថ្ងៃទី២៨ ខែតុលាខាងមុខឲ្យបានច្រើនកុះករ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដដ៏សំខាន់របស់កម្ពុជា។ ដូច្នេះអ្នកចូលរួម ក៏ជាផ្នែកមួយដ៏សំខាន់ នៅក្នុងការជំរុញព្រឹត្តិការណ៍ នេះឲ្យទទួលបានជោគជ័យ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៀតផង។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១ នឹងធ្វើឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដោយមានកីឡា១៥ប្រភេទ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ចំបាប់ ប្រដាល់ក្បាច់ គុនបុរាណខ្មែរ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរិនហ្សិកាំប៉ូ កាយសម្ព័ន្ធ និងកីឡាល្បុក្កតោ ដោយគ្រោងចំណាយថវិការៀបចំប្រមាណ១លានដុល្លារ៕