(តាកែវ)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង (ទទឹងម្ខាងៗ ប្រវែង ១ម) ក្រាលដីល្បាយខ្សាច់ភ្នំ កម្រាស់ ០,២៥ ស្ថាបនាប្រឡាយបេតុង

ប្រវែង ២,០០០ម៉ែត្រ និងលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅឃុំព្រះបាទជាន់ជុំ និងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (គឺម្រោងលេខDRR-NC-2024No.049)។ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិកាជំពូក២១។

ការស្ថាបនា ផ្លូវខាងលើនេះ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក៏បានអនុវត្តការងារ ស្ថាបនាផ្លូវខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។

នាឱកាសនោះ លោកបណ្ឌិត ចាន់ ដារ៉ុង បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។

លោកបណ្ឌិត ចាន់ ដារ៉ុង បានបន្តថា បញ្ហានេះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ, ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយ ផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។

នាឱកាសនោះដែរ លោកបណ្ឌិត ចាន់ ដារ៉ុង និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្តេចនិងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕