(ភ្នំពេញ)៖ រឿងល្បែងកន្ទុយលេខ និងល្បែងលក់ឆ្នោតផ្សងសំណាងរបស់វៀតណាមបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាទីពេញនិយម មិនថានៅតាមទីក្រុង ឬទីប្រជុំជននោះទេ កន្លែងណាក៏ឃើញពលរដ្ឋខ្មែរនាំគ្នាចាក់កន្ទុយលេខ និងទិញឆ្នោតវៀតណាមទុកផ្ទៀងផ្សងសំណាងដែរ ។
តាមពិតល្បែងចាក់កន្ទុយលេខក៏ដូចជា ការនាំសន្លឹកឆ្នោតពីប្រទេសវៀតណាម យកមកលក់នៅស្រុកខ្មែរគឺសុទ្ធតែជាល្បែងស៊ីសងអត់ច្បាប់ដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះគេឆ្ងល់ថា ថ្វីត្បិតតែអត់ច្បាប់ដូចគ្នា តែសម្រាប់អ្នកបើកកត់ និងចាក់កន្ទុយលេខក៏ដូចជា អ្នកបើកលក់ និងទិញឆ្នោតវៀតណាម គឺគេសង្កេតឃើញថា ពួកគេបើកធ្វើអាជីវកម្មដូចគ្នាមែន តែមិនមានវាសនាដូចគ្នានោះទេ និយាយរួមគឺអ្នកកត់កន្ទុយលេខខ្លះ(កូនកញ្ច្រែង)មានវាសនាទាប ចំណែកអ្នកដើរលក់ឆ្នោតយួន មានវាសនាខ្ពស់។
អ្នកកត់និងអ្នកចាក់កន្ទុយលេខ ទោះជាខិតខំលួចលាក់ធ្វើអាជីវកម្មនៅតែក្នុងផ្ទះ ក្នុងតូប តាមផ្លូវឌឿងហែម ឬក៏នៅលើផ្ទះជាន់ទី២ ទី៣ទៀត ក៏កម្រគេចផុតពីភ្នែកសមត្ថកិច្ចណាស់ ច្បាស់ជាប្រឈមមុខទៅនឹងការចាប់បង្ក្រាបជាមិនខាន ជាពិសេសនៅភ្នំពេញតែម្ដង តែបើគេងាកទៅមើលអាជីវកម្ម -ល្បែងឆ្នោតវៀតណាមអត់ច្បាប់វិញ កុំថាឡើយលក់លួចលាក់ សូម្បីតែទៅឈរលក់នៅមុខប៉ុស្តិ៍នគរបាល ឬដាក់តាំងលក់ដូចទំនិញចាប់ហួយនៅ តាមផ្សារ កាន់ដើរលក់ដូចអ្នកកាន់វ៉ែនតាដើរលក់តាមបែនឡាន និងអង្គុយលក់នៅតាមហាងកាហ្វេទៀតក៏អត់មានសមត្ថកិច្ចណាមួយយកភ្នែកមើល និងធ្វើការបង្ក្រាបនោះដែរ។
អ្នកទីក្រុង អ្នកទីប្រជុំជនកំពុងនាំគ្នាមានចម្ងល់ថា ហេតុអ្វីក៏សមត្ថកិច្ចខ្មែរនាំគ្នារើសអើង និងអោយតម្លៃចំពោះអាជីវកម្មចាក់កន្ទុយលេខ និងអាជីវកម្មលក់ឆ្នោតវៀតណាមនៅកម្ពុជា មិនដូចគ្នាសោះអញ្ចឹង! បើល្បែងទាំងពីរប្រភេទនេះសុទ្ធតែអត់ច្បាប់និងល្មើសច្បាប់ដូចគ្នានោះ ឬមួយល្បែងចាក់កន្ទុយ លេខជាល្បែងរាយរងគ្មានមេគ្មានកើយគ្រប់គ្រងត្រឹមត្រូវ ហើយល្បែងលក់ឆ្នោតវៀតណាមមានមេ មានកើយគ្រប់គ្រង់ត្រឹមត្រូវងាយស្រួលនិយាយគ្នា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញខាងបង្ក្រាបបទល្មើសមួយចំនួន ដែលស្គាល់នាយខ្វែក បានលួចខ្សឹបអោយដឹងថា ល្បែងកន្ទុយលេខសមត្ថកិច្ច តូចតាចអាចបង្ក្រាបបាន តែក៏ត្រូវចេះមើលខ្យល់ផងដែរ ព្រោះមេកន្ទុយលេខធំៗសុទ្ធតែមានអ្នកយក្សផ្ដាំផ្ញើអោយជួយមើល។ ចំណែកឆ្នោតវៀតណាម វិញតែហ៊ានបង្ក្រាបច្បាស់ជាកខ្លីជាមិនខាន ព្រោះអ្នកនាំឆ្នោតវៀតណាមឆ្លងប្រទេសយកមកលក់នៅលើទឹកដីខ្មែរដល់កណ្ដាលក្រុងភ្នំពេញបាន មិនមែនពួកយួនរើសអេតចាយ ឬស្រីកោសជប់ ស្រីម៉ាស្សាយួនជាអ្នកនាំយកមកលក់ឡើយ គឺសុទ្ធតែជាឧកញ៉ាខ្មែរមានខ្នងក្រាស់ស្មោះ។ តាមអ្នកខ្សឹប បានបន្តថាមេនាំឆ្នោតយួន (ឆ្នោតសន្លឹក) យកមកលក់នៅស្រុកខ្មែរត្រូវបានគេស្គាល់ឧកញ៉ាម្នាក់មានផ្ទះនៅម្ដុំច្បារអំពៅ ដែលរកសុីមុខរបរល្បែងទុច្ចរិត នេះយូរមកហើយ និងម្នាក់ទៀតក៏ជាឧកញ៉ាដូចគ្នាមានផ្ទះនៅម្ដុំរង្វង់មូលនាងគង្ហីង ដោយពួកគេរកសុីមុខរបរល្បែងនេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។
សូមកុំភ្លេចថាបើគេគិតលើផ្នែកសេដ្ឋកិច្ចវិញ ល្បែងលក់ឆ្នោតវៀតណាមមិនមានគុណតម្លៃលើល្បែងកន្ទុយលេខនោះឡើយ បើទោះបីជាល្បែង ស៊ីសងល្មើសច្បាប់ដូចគ្នាក៏ដោយ។
ល្បែងកន្ទុយលេខជាល្បែងបើកលែងនៅស្រុកខ្មែរមេ និងកូនសុទ្ធតែជាអ្នករស់នៅស្រុកខ្មែរ ទោះមេឈ្នះ ឬកូនឈ្នះសាច់ប្រាក់ដែលបានមក ពីការចាក់ភ្នាល់នៅវិលវល់តែក្នុងស្រុកមិនបានហូរចេញទៅក្រៅប្រទេសនោះទេ តែបើឆ្នោតវៀតណាមវិញប្រៀបដូចគេនាំទំនិញយកមកលក់ ដោយអត់បង់ពន្ធ និងខុសច្បាប់ ហើយភាគច្រើនមេឈ្នះបានធ្វើអោយសាច់ប្រាក់របស់កម្ពុជាហូចេញពីប្រទេសដោយស្វ័យប្រវត្តិ។
ចំណែកខ្មែរយើងបានត្រឹមតែ ទទួលសម្រាមដែលបន្សល់ទុកពីកាកសំណល់សន្លឹកឆ្នោតតែប៉ុណ្ណោះ។ ដូច្នេះករណីនេះ រាជរដ្ឋាភិបាលក៏ដូច ជាអាជ្ញាធរ សមត្ថកិច្ចគួរតែមានការចាប់អារម្មណ៏លើបញ្ហាឆ្នោតវៀតណាមឈ្មួញលួចនាំចូលដាក់លក់ពេញទីក្រុង ទីប្រជុំជននេះផង៕
សកម្មភាពក្មេង-ចាស់ កាន់សន្លឹកឆ្នោតវៀតណាមដើរលក់តាមហាងកាហ្វេក្នុងក្រុង គ្មានសមត្ថកិច្ចយកភ្នែកមើល និងបង្ក្រាប
សន្លឹកឆ្នោតវៀតណាមទាំងបាច់ៗគេកាន់ដើរលក់ម៉ាសេរីនៅតាមផ្សារ តាមហាងកាហ្វេ និងតាមទីសាធារណៈ