(បាត់ដំបង)៖ ពលរដ្ឋម្នាក់ រស់នៅភូមិអង្ក្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចោទមន្រ្តីអាវុធហត្ថស្រុកមោងឫស្សី ២នាក់ថា បានវាយដំច្រំធាក់ទៅលើខ្លួន កាលពី២៣ ខែតុលា ឆ្នាំ២០១៦ នាគ្រាដែលហៅរូបគេទៅសួរចម្លើយ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានមេអាវុធហត្ថស្រុកមោងឫស្សីច្រានចោលទាំងស្រុង និងបានបញ្ជាក់ថា អាវុធហត្ថគ្មានទេការវាយដំ មានតែការជួយសម្របសម្រួល។
ពលរដ្ឋឈ្មោះ ថេត ថុល អាយុ៣៥ឆ្នាំ ដែលអះអាងថាខ្លួនជាអ្នករងគ្រោះក្នុងអំពើហិង្សានេះ បាននិយាយថា កាលថ្ងៃទី២២ ខែតុលា គាត់បានទៅទារលុយពីបងជីដូនមួយ ឈ្មោះ គ្រួច ណារ៉ាត់ ហៅ នឹងដែលជាមេភូមិអង្ក្រង តែឈ្មោះ គ្រួច ណារ៉ាត់ មិនព្រមឱ្យគាត់ក៏ស្ដីឱ្យឈ្មោះ គ្រួច ណារ៉ាត់ ភ្លាមនោះប្រពន្ធរបស់ឈ្មោះ គ្រួច ណារ៉ាត់ បានស្ទុះមកជួយតតាំងដែរ។ ពួកគាត់ក៏ជេរគ្នាតបទៅវិញទៅមក ស្រាប់តែកូនរបស់ឈ្មោះ គ្រួច ណារ៉ាត់ បានកាន់ដំបងបម្រុងនឹងវាយគាត់ តែគាត់ព្យាយាមប្រតាយប្រតប់ តែមានប្រជាពលរដ្ឋ៤នាក់ ជាអ្នកជិតខាងមកជួយបំបែក។ អ្នកជិតខាងដែលជួយបំបែបនោះ លោក ថេត ថុល អះអាងថា ជាសាក្សីដែលបានដឹងសាច់រឿងច្បាស់។
លោក ថេត ថុល បានបន្តថា លុះដល់ថ្ងៃទី២៣ ខែតុលា ក៏មានមន្រ្តីអាវុធហត្ថចំនួន២ បាននាំខ្លួនគាត់ទៅសួរចម្លើយ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី។ លោកបានអះអាងថា «ពេលប៉េអឹមនាំខ្ញុំទៅដល់ ឈ្មោះ ស្រី ស្រ៊ាង បានទះកំផ្លៀងខ្ញុំចំកណ្ដាលមុខ ហើយម្នាក់ទៀតខ្ញុំអត់ស្គាល់ឈ្មោះទេ លេងមកឡើងជង្គង់ខ្ញុំចំចុងដង្ហើម ខ្ញុំឈឺពេក ក៏យកដៃខ្ទប់ទ្រូង»។
លោក ថេត ថុល បន្តទៀតថា ទោះជាមន្រ្តីអាវុធហត្ថបង្ខំយ៉ាងណា ក៏លោកនៅតែនិយាយថា មិនបានវាយលើឈ្មោះ គ្រួច ណារ៉ាត់ ដែរ ព្រោះដំបងនោះកូនរបស់ឈ្មោះ គ្រួច ណារ៉ាត់ យកមករកវាយលោកទៅវិញទេ។
លោកបានប្រាប់មន្រ្តីអាវុធហត្ថថា បើមិនជឿអាចនាំសាក្សី៤នាក់ ដែលបានជួយបំបែកនោះសួរបន្ថែមក៏បាន ព្រោះពួកគាត់ជាអ្នកដឹងឮច្បាស់ ប៉ុន្តែមន្រ្តីទាំង២នោះមិនព្រមឡើយ។ ក្រោយមកក៏មន្រ្តីអាវុធហត្ថទាំង២នាក់ បង្គាប់ឱ្យលោកបង់ប្រាក់ចំនួន ១លានរៀល ជាថ្នូរនឹងការដោះលែងវិញ។
ពាក់ព័ន្ធករណីខាងលើ លោក ប៉ោ ស៊ុងឃៀង មេបញ្ជាការកងរាជអាវុធហត្ថស្រុកមោងឫស្សី បានបញ្ជាក់ប្រាប់ Fresh News ថា មិនមានករណីខាងលើ កើតមានដូចការចោទប្រកាន់របស់ឈ្មោះ ថេត ថុល នោះទេ ដោយលោកសង្កត់ធ្ងន់ថា «សម័យនេះហើយ គ្មាននរណាទៅសួរចម្លើយដោយវាយដំច្រំធាក់ហ្នឹងទេ»។
លោក ប៉ោ ស៊ុងឃៀង បានបន្តថា ដំបូងឡើយក្នុងករណីហិង្សានេះ ដើមបណ្ដឹងឈ្មោះ ណឺន ណូយ បានប្ដឹងទារសំណងចំនួន២លានរៀល តែឈ្មោះ ថេត ថុល ឱ្យតែ១លានរៀល ហើយមន្រ្តីរបស់លោក ក៏បានជួយសម្រួលក្នុងចំនួន១លានរៀល ប៉ុណ្ណឹងទៅ។
លោក ប៉ោ ស៊ុងឃៀង បានបញ្ជាក់ថា ក្នុងថ្ងៃទី២២, ២៣ ខែតុលានោះ លោកនៅប្រចាំការនៅបញ្ជាការដ្ឋានដែរ តែមិនមានករណីដូចការចោទរបស់ឈ្មោះ ថេត ថុល នោះទេ។ ម្យ៉ាងទៀត ឈ្មោះ ថេត ថុល ក្នុងពេលមានជម្លោះជាមួយឈ្មោះ គ្រួច ណារ៉ាត់ បានផឹកស្រាស្រវឹងជាមួយបក្ខពួកផង។ តែត្រង់ចំណុចនេះ ឈ្មោះ ថេត ថុល បានអះអាងថា «ខ្ញុំផឹកដែរ តែមិនស្រវឹងទេ ផឹកគ្នា៥នាក់តែកន្លះកេះហ្នឹង»៕