(ភ្នំពេញ)៖ ខណៈរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការពិនិត្យវះកាត់ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី២៤ ខែតុលានេះ លោកបានស្នើឲ្យមន្ដ្រីជំនាញ ផ្នែកវះកាត់ផ្នែករបស់ប្រទេសចិន បើកវគ្គបណ្ដុះបណ្ដាល ដល់មន្ទីរពេទ្យទូទាំងរាជធានី-ខេត្ដ នៅកម្ពុជា ឲ្យកាន់តែមានជំនាញពូកែ ដូចវេជ្ជបណ្ឌិតរបស់ចិនផងដែរ។
លោករដ្ឋមន្ដ្រីបានថ្លែងទៀតថា «ជាក់ស្ដែងនៅថ្ងៃនេះ ពេទ្យជំនាញភ្នែករបស់មន្ទីរពេទ្យភ្នែក Xiamen Eye Center នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសហការជាមួយ មន្ទីរពេទ្យមិត្ដភាពកម្ពុជា-សូវៀត មកជួយវះកាត់បាយភ្នែក ដ៏មានប្រសិទ្ធភាពខ្ពស់ ដល់ប្រជាពលរដ្ឋក្រីក្រ រួមជាមួយនឹងឧបករណ៍ ដ៏ទំនើបជាច្រើនទៀត ដូច្នេះបន្ទាប់ពីផ្ដល់ជូននូវសេវាវះកាត់ ភ្នែកដោយឥតគិតថ្លៃហើយ សូមជួយបណ្ដុះបណ្ដាលជំនាញវះកាត់ដល់មន្ទីរកម្ពុជាផង»។
រដ្ឋមន្ដ្រីបន្ដថា ក៏បានថ្លែងអំណរគុណដ៏ជ្រាវជ្រៅបំផុត ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសចិន ដែលតែងតែជួយគ្រប់វិស័យដល់កម្ពុជា ពិសេសក្នុងវិស័យសុខាភិបាលតែម្ដង ដូច្នេះយើងនឹងរក្សាមិត្ដភាពកម្ពុជា-ចិន ដោយគ្មានព្រំដែនមួយនេះជានិរន្ដន៍ ហើយសង្ឃឹមថា នឹងបន្ដជួយបណ្ដុះបណ្ដាលលើវិស័យសុខាភិបាល ឲ្យបានកាន់តែច្រើនបន្ថែមទៀត ។
ជាកិច្ចឆ្លើយតបលោក ចូវ ជាឆឹង (Bestary Zhou) ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិ នៃមន្ទីរពេទ្យភ្នែក Xiamen Eye Center នៃសាធារណៈរដ្ឋប្រជាមានិតចិន បានថ្លែងថា «មូលនិធិយើងនឹងបន្ដជួយ ព្យាបាលជំងឺភ្នែកនៅកម្ពុជាបន្ដទៀត បន្ទាប់ពីបញ្ចប់ការវះកាត់ភ្នែកឡើងបាយ នៅប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះយើងទាំងអស់គ្នា បានចាត់ទុកថា ប្រទេសកម្ពុជាដូចផ្ទះរបស់ពួកយើងដ៏កក់ក្ដៅ ដូច្នេះយើងទាំងអស់គ្នាមិនទុក ប្រជាពលរដ្ឋកម្ពុជាចោលនោះទេ យើងនឹងបន្ដព្យាបាលជំងឺនេះតទៅទៀត»។
គួរបញ្ជាក់ថា មន្ទីរពេទ្យរុស្ស៊ី បានសហការជាមួយមន្ទីរពេទ្យភ្នែក Xiamen Eye Center នៃសាធារណៈរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីពិនិត្យ-ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ដោយឥតគិតថ្លៃនេះ ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា៕