(កណ្ដាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការចុះពិនិត្យតាមខ្នងផ្ទះនេះ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីដ៏លំបាករបស់គ្រួសារលោកតា ថោង ថុន អាយុ៧៨ឆ្នាំ និងលោកយាយណុង សក្តិ អាយុ៦៤ឆ្នាំ រស់នៅលើខ្នងប្រឡាយក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តស៊ូដើរបេះត្រកួន និងការជីកក្ដាមគ្រាន់លក់យកប្រាក់មកផ្គត់ផ្គង់ជីវភាព ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារខាងលើ រស់នៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ១០០គីឡូក្រាម, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ៤យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ កន្ទេល២ ខ្នើយ២ និងថវិកា ១លានរៀល។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានណែនាំដល់ក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែលរស់នៅក្នុងភូមិរាំងដេក២ នៃឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទើបមើលឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត ដែលជាចាស់ឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ គ្រួសារមានកូនច្រើន និងស្ត្រីមានផ្ទៃពោះ ចំនួន២០គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយគ្រឿងស្រវឹង អាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។

ជាមួយគ្នានេះ លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា នៅទីនេះមានបរិយាសកាសល្អហើយ ប៉ុន្តែសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ ពីព្រោះជំងឺផ្សេងក៏អាចបណ្តាលមកពីកង្វះអនាម័យផងដែរ និងសូមឱ្យអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន៕