(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ១,៧១៧គ្រួសារ ដែលមានវិវាទដីធ្លីរ៊ាំរ៉ៃជិត២៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ហើយតាមរូបភាពឈ្នះ-ឈ្នះ ក្រៅប្រពន្ធ័តុលាការ។
ក្រោយដោះស្រាយបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានភ្ជាប់ទូរស័ព្ទតាមរយៈលោក ប៉ាន់ ខែមប៊ុនថន ដើម្បីសម្តែងក្តីអបអរសាទរជាមួយប្រជាពលរដ្ឋ។
គ្រាន់តែបានឃើញសម្តេចនាយករដ្ឋមន្ត្រីភ្លាម ប្រជាពលរដ្ឋ ដែលធ្លាប់តែព្រួយបារម្ភខ្វាយខ្វល់លើដីដែលខ្លួនរស់នៅជិត២៥ឆ្នាំមកហើយ បានសម្តែងក្តីត្រេកអរ រំភើបរីករាយក្រៃលែង។ ប្រជាពលរដ្ឋ បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅជូនសម្តេចនាយករដ្ឋមន្ត្រី ដែលបានតម្កល់សុខទុក្ខរបស់ពួកគាត់ជាធំ ហើយចាត់ចែងដោះស្រាយវិវាទ រក្សាដីជូនពួកគាត់ធ្វើជាកម្មសិទ្ធិ។
សម្តេចមហាបវរធិបតី កោតសរសើរ និងអរគុណចំពោះក្រុមការងារដឹកនាំដោយលោក ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕