(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុនគេ នៅក្នុងពិភពលោក បានបង្ហាញនូវការប្តេជ្ញារបស់ខ្លួន ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការ-សហគមន៍ ធ្វើយ៉ាងណាជួយឲ្យប្រជាជនកម្ពុជា ទទួលបានអត្ថប្រយោជន៍ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមសកម្មភាពមនុស្សធម៌។
លោកស្រី Irene Ng អនុប្រធានទទួលបន្ទុកផ្នែកសាជីវកម្មទីផ្សារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានផ្តល់បទសម្ពោសន៍ ជាមួយអង្គភាព Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុន Samsung មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្ស រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗ ជួយដល់កុមារកំព្រា កុមារក្រីក្រ នៅតាមអង្គការ សហគមន៍។
លោកស្រីបានបញ្ជាក់ថា «បើទោះបីជាបច្ចុប្បន្នយើង មិនទាន់មានគម្រោងជាក់លាក់ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា យ៉ាងណាក្តី ប៉ុន្តែ Samsung ប្រចាំនៅកម្ពុជា មានគម្រោងមួយចំនួន ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល ផ្តល់ការអប់រំ ក៏ដូចជាការផ្តល់ជំនួយសប្បុរសធម៍ ទៅដល់អង្គការផ្សេងៗ ឬសហគមន៍នានាដែលត្រូវការ ទោះតិចឬច្រើន ក៏យើងនៅតែចូលរួមចំណែក ដែលនេះ មិនជាការងារធ្វើម្តងចប់នោះឡើយ និងបន្តធ្វើជារាងរហូត»។
លោកស្រី Irene បានសង្កត់ធ្ងន់ថា «ខ្ញុំសូមអរគុណដល់ប្រជាជន និងប្រទេសកម្ពុជា ដែលបានគាំទ្រ ផលិតផល Samsung ហើយ Samsung ព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីជួយសង្គមកម្ពុជា ដោយឈរលើគោលការណ៍ ទាំងក្រុមហ៊ុន និងសង្គមទាំងមូលទទួលបានជោគជ័យគ្រប់គ្នា»។
តំណាងក្រុមហ៊ុន Samsung ដដែលរូបនេះ បានលើកឡើងទៀតថា ក្រុមហ៊ុន Samsung នាពេលកន្លងមក បានជួយបណ្តុះបណ្តាលដល់ សិស្សនិស្សិត រួមទាំងផ្តល់ការវិភាគទាននានា ដល់សង្គមកម្ពុជាផងដែរ។
ជាក់ស្តែងរយៈពេល៣ឆ្នាំកន្លងមក ក្រុមហ៊ុនបានបណ្តុះបណ្តាល ដល់សិស្សនិស្សិតកម្ពុជាចំនួន១៧០នាក់រួចមកហើយ ដែលពួកគេទាំងនោះ ទទួលបានបណ្តុះបណ្តាលទាំង ផ្នែក Software និង Hardware ជាមួយនឹងឧបករណ៍សិក្សាដ៏សំបូរបែប និងបានជួយឲ្យពួកគេ មានការងារល្អៗធ្វើ។
លោកស្រី Irene Ng ក្រុមហ៊ុន Samsung បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបណ្តុះបណ្តាលដល់សិស្សនិស្សិតកម្ពុជា រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនក៏គ្រោងនឹងបង្កើន ការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើនឡើងថែមទៀត ជូនដល់សិស្សនិស្សិត។
អ្នកស្រីបន្តថា «វត្តមានរបស់ក្រុមហ៊ុន Samsung នៅកម្ពុជាមិនត្រឹមតែចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមបរិច្ចាកជួយដល់អង្គការ សមាគមន៍នោះទេ ប៉ុន្តែថែមទាំងបានចូលរួមបង្កើតការងារ និងរួមចំណែក ជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជាផងដែរ»។
ជាមួយគ្នានេះ នៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៦ បុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន Samsung ដែលមកពី១១ប្រទេស ជាង៥០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Samsung ដែលមានឈ្មោះថា Love and Care នៅកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការលើកស្ទួយជីវភាពប្រជាពលរដ្ឋ (PIO) ដោយបុគ្គលិកស្ម័គ្រចិត្តទាំងនោះ នឹងរៀបចំសកម្មភាពអប់រំ ការកម្សាន្តផ្សេងៗ សម្រាប់កុមារកម្ពុជា និងនាំមកនូវភាពរីករាយ ជូនសហគមផងដែរ។ ព្រឹត្តិការណ៍ Love and Care ក៏នឹងផ្តល់នូវសម្ភារសិក្សា អាហារជូនដល់កុមារកំព្រា ក្រីក្រ ក្នុងអង្គការទាំង២នោះដែរ៕
សូមទស្សនាកិច្ចសម្ភាសន៍ របស់លោក ប៉ា ជេដ្ឋា និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ជាមួយលោកស្រី លោកស្រី Irene Ng ស្តីពី៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Samsung ដើម្បីជួយដល់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា ៖