(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានអាស៊ីប៉ាសីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា កម្ពុជាគប្បីមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យនានា ដែលអាចកើតមានទន្ទឹមនឹង កំណើនសេដ្ឋកិច្ចខ្ពស់។
ការលើកឡើងដូច្នេះរបស់លោក Chang Hong Rhee ធ្វើឡើងក្នុងឱកាសលោកជំនួបម្តែងការគួរសម និងដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងជំនួបនោះ លោក Chang Hong Rhee បានបញ្ជាក់ឲ្យដឹងថា តាមការពិនិត្យវាយតម្លៃរបស់ IMF នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា មានកម្រិតខ្ពស់ និងមានភាពរឹងមាំថែមទៀតផង ពិសេសទៀតនោះវិស័យធនាគារ របស់កម្ពុជាក៏មានភាពរឹងមាំផងដែរ ។
លោកបានបន្ដទៀតថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យបានខ្ពស់បន្តទៀតនោះ កម្ពុជាគប្បីមានការប្រុងប្រយត្ន័ ចំពោះហានិភ័យនានា ដែលអាចកើតមានទន្ទឹម នឹងកំណើនសេដ្ឋកិច្ចខ្ពស់នោះ ក្នុងនាមជាស្ថាប័នរូបិយវត្ថុមួយរបស់កម្ពុជានោះ ធនាគារជាតិនៃកម្ពុជាត្រូវបង្កើតនូវវិធានការ និង គោលនយោបាយរបស់ខ្លួនបន្ថែមទៀត សម្រាប់គ្រប់គ្រងហានិភ័យ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
លោក Chang Hong Rheeបា នកត់សម្គាល់ឃើញថា កន្លងមកនេះប្រព័ន្ធធនាគារនៅកម្ពុជា បានរួមចំណែកបានច្រើនដល់កំណើន
សេដ្ឋកិច្ចតាមរយៈការផ្ដល់ឥណទាន ដល់វិស័យសំខាន់ៗសម្រាប់ប្រតិបត្តិការ ដើម្បីជម្រុញនិងចូលរួមចំណែក ធ្វើឲ្យមានកំណើននោះក៏ដោយ ប៉ុន្តែការផ្ដល់ឥណទានត្រូវធ្វើឡើង ឲ្យបានហ្មត់ចត់ដើម្បីការពារ ហានិភ័យនៅក្រោយពេលផ្ដល់ឥណទាន ។
ជាមួយគ្នានេះផងដែរ លោកជាចាន់តូបានបញ្ជាក់ថា កន្លងមកនេះធនាគារជាតិនៃកម្ពុជា បានដាក់ចេញរួចហើយនូវវិធានការម៉ាក្រូ ប្រុងប្រយ័ត្នដើម្បីការពារហានិភ័យ ក្នុងការផ្ដល់ឥណទាននេះ ដូចជាការបង្កើនដើមទុនអប្បរិមា របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក៏បានដាក់ឲ្យអនុវត្តបទបញ្ញតិថ្មី គឺក្របខណ្ឌអនុបាតសន្ទីយភាពថ្មី ដើម្បីពង្រឹងស្ថេរភាពសាច់ប្រាក់ សន្ទីយភាពរបស់ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំឲ្យមានហានិភ័យ។
លោកបានបន្ដទៀតថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពិចារណា ទៅលើការដាក់ឲ្យអនុវត្តនូវវិធានការ ម៉ាក្រូប្រុងប្រយ័ត្ននានាបន្ថែមទៀត ដើម្បីការត់បន្ថយកំណើនឥណទាន យ៉ាងសន្សឹមៗដែលមិនមានការប៉ះពាល់ ដល់កិច្ចដំណើរការរបស់វិស័យផ្សេងៗ ដែលពឹងផ្អែកលើឥណទាននោះឡើយ។ មិនតែប៉ុណ្ណោះធនាគារជាតិនៃកម្ពុជា កំពុងពិចារណាលើការពង្រឹងបទបញ្ញតិ ចំពោះវិស័យម៉ក្រូហិរញ្ញវត្ថុ ដើម្បីឲ្យស្ថាប័នទាំងនេះ កាន់តែមានភាពរឹងមាំថែមទៀត ពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើរ៕