(កំពង់ធំ)៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ និងជាប្រធានក្រុមការងារចូលមូលដ្ឋានឃុំម្សាក្រង តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងលោកស្រី ទូច ម៉ាលិស ព្រមទាំងសហការី និងអភិបាលស្រុកស្ទោង បានចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសាលាបឋមសិក្សាសំប៉ាន ស្ថិតនៅភូមិសុំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានអបអរសាទរជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា តស៊ូរំដោះជនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរក្សាបាននៅសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន និងបានអំពាវឱ្យចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានជានិរន្តរ៍ ទោះក្នុងតម្លៃណាក៏ដោយ។

លោកបានណែនាំដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលា ត្រូវប្រើប្រាស់ថវិកាដែលបានមកពីការធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងពេលនេះ ដោយតម្លាភាព ចំគោលដៅនិងមានប្រសិទ្ធភាព តាមផែនការកម្មភាពនិងចក្ខុវិស័យ បីសាលារៀនមានការអភិវឌ្ឍន៍លឿន ហើយទទួលបាននូវការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធនិងសហគមន៍ទាំងមូល។

ជាមួយនេះផងដែលលោកគ្រូ អ្នកគ្រូនិងគណៈកម្មការ សាលាបឋមសិក្សាសុំប៉ាន និងសាលាបឋមសិក្សាស្ពឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោជេដ្ឋា និងក្រុមការងារចុះមូលដ្ឋានម្សាក្រង ដែល មានវត្តមាននៅពេលនេះនឹងបានចូលរួមថវិកាសម្រាប់អភិវឌ្ឍន៍សាលារៀនឱ្យមានការរីកចំរើនជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាលោក ថោ ជេដ្ឋា ចំនួន ៣២,៣៤០,០០០ រៀល និងថវិកាសប្បុរសជនជាង១៤លានរៀល ដែលក្នុងនោះសម្រាប់បឋមសិក្សាសំប៉ាន ទទួលបានជាង៣៦លានរៀល និង១២លានរៀល សម្រាប់សាលាបឋមសិក្សាស្ពឺ នៃឃុំម្សាក្រង និងបានប្រគេនបច្ច័យវត្តស្ពឺជើង និងវត្តស្ពឺត្បូងក្នុង១វត្ត១,១០០,០០០រៀល ហើយបានចែកទានដល់តាយាយនៅក្នុងកម្មវិធីបុណ្យនេះចំនួន៤០អ្នក ដែលម្នាក់ៗទទួលបាននូវសារុងមួយថវិកា២ម៉ឺនរៀល ជាអំណោយដ៏ថ្លៃថ្លារបស់លោក ថោ ជេដ្ឋា៕