(វ៉ាស៊ីនតោន)៖ គ្រាន់តែនិយាយទូរស័ព្ទជាមួយគ្នា គឺមិនអាចសម្រេចបានសន្ធិសញ្ញាមួយនោះទេ។ ប៉ុន្តែកិច្ចសន្ទនារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនបែរជាកំពុងធ្វើឱ្យតៃវ៉ាន់ព្រួយបារម្ភទៅវិញ។ អំណេះតទៅ ចិននឹងតាមមើលមិនដាក់ភ្នែកលើស្ថានការណ៍វិវត្ត ដើម្បីកំណត់ថាតើដំណោះស្រាយមួយសម្រាប់ សំណុំរឿងអ៊ុយក្រែន អាចនឹងដូចគ្នាទៅសំណុំរឿងតៃវ៉ាន់នៅពេលអនាគតដែរ ឬក៏យ៉ាងណា?
ប្រឈមមុខនឹងអាណត្តិទី២ របស់លោក ត្រាំ ក្រុមអ្នកវិភាគ បាននិយាយថារដ្ឋាភិបាលរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te គួរតែគិតគូរពិចារណាពីអ្វីដែលពួកគេអាចផ្ដល់ទៅឱ្យលោក ត្រាំ ដើម្បីបញ្ចៀស កុំឱ្យក្លាយជា «កូនអុក» នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ វាជាការរក្សាតុល្យភាពមួយដ៏ពិបាក ព្រោះការបន្ទន់ចិត្តមេដឹកនាំអាមេរិកមិនមែនមានន័យត្រឹមតែស្វែងរកឱ្យឃើញនូវអ្វីដែល លោក ត្រាំចង់បានប៉ុណ្ណោះទេ តែត្រូវរកឱ្យឃើញផងដែរថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់នឹងមានការប្រែប្រួល យ៉ាងដូចម្ដេច? ការស្វែងរកឱ្យឃើញពីអ្វីដែលលោក ត្រាំ ចង់បាន គឺជាមេរៀនមួយដែលលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងឈ្វេងយល់។ កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជា១ម៉ោងកន្លះរវាងលោក ត្រាំ និងលោក ពូទីន កាលពីសប្ដាហ៍មុន ហាក់ដូចជា បានបិទបញ្ចប់គោលនយោបាយអាមេរិកជាច្រើនឆ្នាំមកនេះ ខណៈក្រុមអ្នកការទូតខ្លះចាត់ទុកកិច្ចសន្ទនានេះជាទង្វើក្បត់ទំនុកចិត្ត និងចោទថាមេដឹកនាំអាមេរិក បានទទួលយកការទាមទារសំខាន់ៗរបស់លោក ពូទីន ទាំងកិច្ចចរចាមិនទាន់កើតឡើងផង។ លោក ត្រាំ ក៏បានសន្ទនាជាមួយលោក ហ្សេលេនស្គីដែរ តែធ្វើឡើងក្រោយរូបលោកសន្ទនាជាមួយលោក ពូទីន។
សម្រាប់លោក ត្រាំ វាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ហើយកាន់តែធម្មតាទៅទៀត នោះគឺលុយ។ ការវាយតម្លៃមួយរបស់ Bloomberg Economics បានបង្ហាញថាការការពារអ៊ុយក្រែន និងការពង្រីកសមត្ថភាព យោធាផ្ទាល់ខ្លួន នឹងតម្រូវឱ្យប្រទេសមហាអំណាចធំៗនៅអឺរ៉ុបចំណាយលុយបន្ថែមជាង ៣.១ទ្រីលានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះជាការចំណាយមួយដែលរដ្ឋបាលលោក ត្រាំ លែងចង់ចូលរួម ចំណែកទទួលខុសត្រូវ។ ចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តផ្ដល់ជំនួយយោធាជិត ៥៦.៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោក ត្រាំ កន្លងមក ក៏ធ្លាប់បាននិយាយដែរថាលោកនឹងយកលុយដែលអាមេរិកបានចាយលើសង្រ្គាមអ៊ុយក្រែនមកវិញ តាមរយៈសិទ្ធិទទួលផលពីរ៉ែរបស់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៥០០ពាន់លានដុល្លារ។
តាមក្រុមអ្នកវិភាគខ្លះ តៃវ៉ាន់ និងអ៊ុយក្រែនគឺមានវាសនាដូចគ្នា។ ពោលគឺដូចគ្នាទៅនឹងអ៊ុយក្រែនដែរ តៃវ៉ាន់មានរបងផ្ទះស្ថិតនៅក្បែរមាត់ទ្វារផ្ទះរបស់ប្រទេសមហាអំណាចមួយដែលមិនទទួលស្គាល់អធិបតេយ្យ របស់តៃវ៉ាន់ ហើយតែងតែព្រមានជារឿយៗថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ ដូច្នេះហើយ ទើបមេដឹកនាំតៃវ៉ាន់បានបង្ហាញការគំាទ្រដល់អ៊ុយក្រែន និងប្រើសង្រ្គាមអ៊ុយក្រែន ដើម្បីបញ្ចុះបញ្ចូលឱ្យប្រជាជនរបស់ខ្លួនកុំសប្បាយភ្លេចខ្លួន ចំពោះមុខភាពតានតឹងជាមួយចិន។ ជាច្រើនទសវត្សរ៍មកនេះ តៃវ៉ាន់ពឹងផ្អែកយ៉ាងខ្លាំងលើការទិញអាវុធពីសហរដ្ឋអាមេរិក ស្របពេលវ៉ាស៊ីនតោន ប្រើយុទ្ធសាស្ត្រមិនច្បាស់លាស់ «strategic ambiguity» ដើម្បីរក្សាស្ថានភាពដើម។ យុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើងជាសារមួយប្រាប់ឱ្យប៉េកាំងដឹងថាប្រសិនបើហ៊ានតែប្រើកម្លាំងយោធា ឬវាយប្រហារ ដោយគ្មានហេតុផល នោះសហរដ្ឋអាមេរិកនឹងលូកដៃជួយតៃវ៉ាន់។ នៅក្រោមអាណត្តិរបស់ខ្លួន លោក ចូ បៃដិន ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។
តែកាលពីអាណត្តិទី១ និងចាប់តាំងពីឡើងកាន់តំណែងក្នុងអាណត្តិទី២នេះ លោក ត្រាំ មិនដែលធ្វើការសន្យាបែបនេះទេ។ លោក Chieh-Ting Yeh ជានាយកវិទ្យាស្ថានស្រាវជ្រាវ US Taiwan Watch បាននិយាយថា «រាល់កិច្ចព្រមព្រៀងណាមួយជាមួយលោក ពូទីន ស្ដីពីអ៊ុយក្រែន នឹងគូសបញ្ជាក់ពីរបៀបដែលលោក ដូណាល់ ត្រាំ សម្លឹងឃើញខ្លួនឯងជាចម្បង និងមុនគេ ក្នុងនាមជាអ្នកស្វែងរក កិច្ចព្រមព្រៀង»។ «វាមានការព្រួយបារម្ភជាច្រើននៅតៃវ៉ាន់ថាតើអ្វីទៅដែលត្រូវខ្ចប់ក្នុងកញ្ចប់អំណោយទុកសម្រាប់ជូនលោក ត្រាំ»។ នេះជាការលើកឡើងរបស់លោក Chieh-Ting Yeh ដោយបន្ថែមថា «វា តែងតែមានជានិច្ចនូវលទ្ធភាពដែលតៃវ៉ាន់នឹងក្លាយជាប្រធានបទសម្រាប់កិច្ចចរចាជាមួយចិន»។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន លោក Lai Ching-te កំពុងជាប់រវល់សឹងតែដកដៃមិនរួចនឹងបញ្ហានៅក្នុងស្រុក។ គណបក្សធំៗទាំង៣ នៅតៃវ៉ាន់កំពុងចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបែកបាក់យ៉ាង ស៊ីជម្រៅ។ ជាពិសេស កញ្ចប់ថវិកាយោធាបានក្លាយជាបញ្ហាមួយដ៏ធំ ខណៈគណបក្សប្រឆាំង Kuomintang ដែលមានទំនោរទៅរកចិន បានរារាំងការបង្កើនការចំណាយ ហើយលោក Lai ឥលូវ ក៏មិនទាន់មាន សមត្ថភាពបំបែកភាពជាប់គាំងនយោបាយនេះបានដែរ បើទោះជាកំពុងប្រឈមមុខនឹងការកើនឡើងសកម្មភាពយោធាចិន និងការទាមទារជាសាធារណៈរបស់លោក ត្រាំ ឱ្យបង្កើនកញ្ចប់ថវិកាយោធា ក៏ដោយ។ តាំងតែមុនជាប់ឆ្នោត រហូតដល់ក្រោយឡើងស្បថកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ មិនសប្បាយចិត្តសោះឡើយចំពោះបញ្ហាអតិរេកពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក និងតែងតែត្អូញត្អែរថា តៃវ៉ាន់បានលួចឧស្សាហកម្មបន្ទះឈីបពីសហរដ្ឋអាមេរិក។ លោក ត្រាំថែមទាំងគំរាមទៀតថានឹងដំឡើងពន្ធធ្ងន់ធ្ងរលើតៃវ៉ាន់ ជាមួយការទទូចឱ្យក្រុមហ៊ុនឈីបរបស់តៃវ៉ាន់គួរតែមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក នៅពេលអនាគត។
ដើម្បីយកចិត្តលោក ត្រាំ តៃវ៉ាន់ បានចាប់ផ្ដើមដោះស្រាយលើបញ្ហាពន្ធគយជាបណ្ដើរៗ ហើយក្នុងសនិ្នសីទមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ លោក Lai បាននិយាយថាកញ្ចប់ថវិកាពិសេសមួយនឹងត្រូវបានប្រើប្រាស់ សម្រាប់ការចំណាយលើវិស័យយោធាដែលនឹងកើនឡើងលើស ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP។ លោក Lai ក៏បានសង្កត់ធ្ងន់ដែរថាតៃវ៉ាន់នឹងពង្រីកការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជា បង្កើនការទិញទំនិញពីសហរដ្ឋអាមេរិក ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនឈីបតៃវ៉ាន់កោះប្រជុំគ្នាក្នុងរដ្ឋ Arizona ជាលើកដំបូងដែលនេះជាសញ្ញាមួយបង្ហាញពីការប្ដេជ្ញាចិត្តរបស់តៃវ៉ាន់ចំពោះការផលិតឈីបនៅក្នុង សហរដ្ឋអាមេរិក។ នេះជាជំហានមួយដ៏សំខាន់ តែតៃវ៉ាន់គួរតែទាញយកប្រយោជន៍ផងដែរពីមិត្តដែលខ្លួនមានស្រាប់នៅក្នុងជួររដ្ឋបាលលោក ត្រាំ ដូចជា រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលបានគូសបញ្ជាក់ជាសាធារណៈថាការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការការពារតៃវ៉ាន់ ជារឿងមិនអាចយកមកចរចាបាន។
តែយ៉ាងណាក៏ដោយ អ្វីដែលសំខាន់ នោះគឺថាតើលោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះតៃវ៉ាន់ឬក៏អត់ គឺវាមិនច្បាស់នោះទេ ហើយលោកក៏ហាក់ដូចជាស្ទាក់ស្ទើរទៀតផងក្នុងការសម្រេចចិត្តថាត្រូវធ្វើអន្តរគមន៍ យោធាជួយតៃវ៉ាន់ ដែរឬក៏យ៉ាងណា ក្នុងករណីមានការវាយប្រហារពីចិន៕