(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋមន្ត្រីស្តីទី តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងគណៈប្រតិភូភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure-P4I) ដឹកនាំដោយ លោក Simon Cramp នាយកផ្នែកយុទ្ធសាស្ត្រ នៃP4I ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទេសអូស្ត្រាលី ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរនាពេលអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់កម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋមន្ត្រីស្តីទី បានយកឱកាសនោះថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I)។
សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី៕