(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយ លោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក ជីមី ផេនីតា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែងនៃប្រទេសទំាងពីរបានឈានដល់ខួប ៧៥ឆ្នាំ។
លោក ជីមី ផេនីតា និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបពិភាក្សាជាមួយលោកនិងគណៈប្រតិភូក្នុងឱកាសនេះ។ លោកបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលមួយចំនួននៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ នៅក្នុងនោះគណៈប្រតិភូបានធ្វើទស្សនកិច្ចនៅតំបន់វប្បធម៌កម្ពុជាក្នុងខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម ជាពិសេសបានចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកបដោយផ្លែផ្កា។ លោកបានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម។
តាងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក្នុងឱកាសនេះ។ កាលពីឆ្នាំ២០២៤ មានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហរដ្ឋអាមេរិកមកកម្ពុជាចំនួន៩ក្រុម មកពីគ្រប់វិស័យ។ សម្តេចបានវាយតម្លៃខ្ពស់លើការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការជួបសន្ទនាជាមួយគ្នាដោយផ្ទាល់ ថាជាប្រការដ៏ល្អបំផុតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពីព្រោះការជួបគ្នាដោយផ្ទាល់ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីសភាពការណ៍ពិត ហើយមានការជឿជាក់និងយោគយល់គ្នាកាន់តែច្រើនឡើង។
សម្តេចមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក នៅក្នុងឱកាសនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរបន្ថែម ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណជា១៥០មុខដែលកម្ពុជាបានបាត់កាលពីសម័យសង្រ្គាមមកវិញ។ ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកនិងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិនទៅកាន់មាតុប្រទេសវិញ។
នៅក្នុងជំនួបពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាលនិងបើកចំហនេះ ក៏មានការចែករំលែក ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីតួនាទីដ៏សំខាន់របស់សភា ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋផងដែរ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានកើតចេញពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣ ដែលជាការបោះឆ្នោតមួយមានលក្ខណៈប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋម្ចាស់ឆ្នោតជាង៨៤%ចេញទៅបោះឆ្នោត ហើយក្នុងចំណោមអ្នកបោះឆ្នោតចំនួន៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅរដ្ឋសភាបច្ចុប្បន្នមានគណបក្សចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភា។ រដ្ឋសភាកម្ពុជា ជាសភាមួយដែលមានយន្តការច្បាស់លាស់ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយមានគណៈកម្មការជំនាញមួយ ទទួលបន្ទុកវិស័យសិទ្ធិមនុស្សនេះតែម្តង គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ច។ នៅរដ្ឋសភានៃបណ្តាប្រទេសជាច្រើនបញ្ហាសិទ្ធិមនុស្ស គឺជាផ្នែកមួយរបស់គណៈកម្មការកិច្ចការបរទេសប៉ុណ្ណោះ។
សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។
លោក ជីមី ផេនីតា ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោតសរសើរចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្របសម្រួលទំនាក់ទំនងអាមេរិកនិងអាស៊ាន។ ជាមួយគ្នានេះ លោក បានសន្យានឹងពំានាំការពិតពីកម្ពុជាជម្រាបជូនសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថាកម្ពុជានិងសហរដ្ឋអាមេរិក បន្តគំាទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានទំាងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងមនុស្សធម៌ ជាដើមនោះជាបន្តទៀត៕