(ក្រចេះ)៖ THACO AGRI តំបន់ពហុកសិកម្ម គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន THACO ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំលំដាប់ទី៦ នៅក្នុងប្រទេសវៀតណាម។ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជារយៈពេលប្រមាណ៥០ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីលោក Nguyen Ngoc Anh Tu អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល។

THACO AGRI បានបង្កើតតំបន់ពហុកសិកម្មទ្រង់ទ្រាយធំ ប្រមូលផ្តុំទៅលើការដាំដុះ ចេក ម្នាស់ ស្វាយ ក្រូចថ្លុង និងធុរេន រួមផ្សំនឹងការចិញ្ចឹមគោ លើផ្ទៃដី ៣៥,៣៩០ហិកតា មានទុនវិនិយោគសរុបគឺ ១,២៩៥លានដុល្លារអាមេរិក នៅខេត្តចំនួន២ក្នុងប្រទេសកម្ពុជា គឺខេត្តរតនគិរី និងខេត្តក្រចេះ។

ដោយបានកំណត់យុទ្ធសាស្ត្រវិនិយោគសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព THACO AGRI បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រវ៉ាក់បិទជិត និងទំនើបនៅប្រទេសកម្ពុជា រួមមានតំបន់ផលិតកម្ម, រោងចក្រកែច្នៃ, រោងចក្រចេក, ឃ្លាំងត្រជាក់សម្រាប់រក្សាផ្ទុកផ្លែឈើ, ការដឹកជញ្ជូនជាប្រព័ន្ធ, កសិដ្ឋានចិញ្ចឹមសត្វ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញអគ្គិសនី, លំនៅឋានកម្មករ និងផ្សារទំនើប។ ប្រព័ន្ធទាំងនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតឱ្យមានជីវភាពរស់នៅ និងបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់កម្មករជាង ១៣,០០០នាក់នាពេលបច្ចុប្បន្ន និងជាង ២៧,២០០នាក់នាពេលអនាគត តាមការគ្រោងទុកក្រុមហ៊ុនចង់ឱ្យមានកម្មក និងបុគ្គលិកជាជនជាតិខ្មែរប្រមាណជាង៩០%នៃកម្មកសរុប។

លោក Nguyen Ngoc Anh Tu អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល បានជម្រុញលើកទឹកចិត្ត ឱ្យបងប្អូនខ្មែរ មកធ្វើការងារក្នុងវិស័យកសិកម្មនៅ THACO AGRI តំបន់ពហុកសិកម្ម ឱ្យបានច្រើន ដោយធានាជូននូវប្រាក់បៀវត្សល្អសមរម្យ និងការយកចិត្តទុកដាក់ខ្ពស់សុវត្ថិភាពការងារ កន្លែងស្នាក់នៅ និងអាហារហូបចុកថែមទៀតផង។

លោក Nguyen Ngoc Anh Tu បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីបំពេញតម្រូវការនៃចង្វាក់ផលិតកម្មឱ្យទាន់ទីផ្សារ ក្រៅពីបុគ្គលិកបច្ចុប្បន្ន ខាងក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកបន្ថែមទៀតឱ្យបាន១៤,០០០នាក់។ បច្ចុប្បន្ននេះកម្មករដែលជាជនជាតិខ្មែរ នៅក្នុងក្រុមហ៊ុនមានជាង៩០% ហើយសង្ឃឹមថា ថ្ងៃក្រោយទៀតយើងខ្ញុំនឹងសហការណ៍ជាមួយបណ្ដាមហាវិទ្យាល័យ និងអ្នកបណ្ដុះបណ្ដាលវិទ្យាជីវៈទទួលថែមបុគ្គលិកជំនាញ និងកម្មករថែមទៀតមកក្រុមហ៊ុន។ សម្រាប់ការបំពេញការងារនៅទីនេះ ទី១ ក្រុមហ៊ុនផ្គត់ផ្គង់ប្រាក់ខែល្អសមរម្យឱ្យបុគ្គលិក, ទី២ មានទីលំនៅឱ្យបងប្អូននៅ និងទី៣ មានការផ្គត់ផ្គង់បាយចំនួន៣ពេលក្នុងមួយថ្ងៃ»។

សូមជម្រាបថា ក្រុមហ៊ុន THACO AGRI មានផ្ទៃដីវិនិយោគសរុបចំនួន ៣៥,៣៩០ហិកតា និងទុនវិនិយោគសរុប ១,២៩៥លានដុល្លារអាមេរិក នៅខេត្តចំនួន២ក្នុងប្រទេសកម្ពុជា នោះគឺខេត្តរតនគិរី និងខេត្តក្រចេះ។ ចំពោះទីតាំងនៅស្រុកស្នួល (ខេត្តក្រចេះ) មានផ្ទៃសរុប ១០,៧០៨ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៤៩៥លានដុល្លារអាមេរិក និងនៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី មានផ្ទៃដីសរុប ២៤,៦៨២ហិកតា ជាមួយនឹងទុនវិនិយោគសរុបគឺ ៨០០លានដុល្លារអាមេរិក៕