(ភ្នំពេញ)៖ គណៈប្រតិភូសភាអាមេរិកមកពីតាមបណ្តារដ្ឋនានាទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា កាន់តែរីកចម្រើន។ គណៈប្រតិភូសភាអាមេរិក ក៏បានប្រកាសដែរថា នឹងធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែរឹងមាំ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូសភាអាមេរិក នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ គណៈប្រតិភូសភាអាមេរិក ដែលបានចូលជួបសម្តេចមហាបវរធិបតី រួមមានលោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអីុលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី។
ក្នុងឱកាសនៃជំនួបនោះ គណៈប្រតិភូសភាអាមេរិក បានសម្ដែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាមេរិក និងកម្ពុជា។
គណៈប្រតិភូសភាអាមេរិក បានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិកផងដែរ។ គណៈប្រតិភូសភាអាមេរិក ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីលើនេះ គណៈប្រតិភូសភាអាមេរិក ក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិក ឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប, សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិ និងសន្តិសុខ និងការបោសសម្អាតមីនជាដើម៕