(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ «បុណ្យភ្នំ» នៅឧទ្យានជាតិសុរាម្រិត-កុសម: «គិរីរម្យ» ទាក់ទាញភ្ញៀវទេសចរប្រមាណជិត៣ម៉ឺននាក់។
ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ «បុណ្យភ្នំ» ធ្វើឡើងចាប់ពីរង្វង់មូលនាគព័ន្ធដល់អតីតព្រះរាជដំណាក់ មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល២ថ្ងៃ២យប់)។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ដ៏កម្រនេះ នាំមកនូវកម្មវិធីជាច្រើន ដូចជា ឆៃយ៊ាំស្វាគមន៍ របាំសែនដី គុនល្បុក្កតោ ការប្រគំតន្ត្រីសម័យ ក្ងោកប៉ៃលិន របាំក្រមា របាំជូនពរ ល្ខោនខោលឈុតកំហឹងនាអាតុរី របាំគោះត្រលោក របាំត្លយសួយ ក្ងោកពោធិ៍សាត់ ល្ខោនព្រះរាជទ្រព្យរឿងទិព្វសុដាចន្ទ គុនខ្មែរ រួមជាមួយព្រឹត្តិការណ៍កីឡា និងប្រពៃណីជាច្រើនទៀត។
ជុំវិញមហាព្រឹត្តិការណ៍នេះ អាជ្ញាធរបានបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមកម្សានិងច្រើនកុះករ ដើម្បីលើកស្ទួយវិស័យដល់ទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់កម្ពុជា ដោយនៅថ្ងៃទី១គឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តប្រមាណ២៧,៤៨៥៕