(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទួលកោតសរសើរលើប្រមុខដឹកនាំស្ថាប័នកំពូលថ្នាក់ជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «ព្រះរាជបន្ទូលព្រះមហាក្សត្រ៖ សក្ខីកម្មនៃសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ»

ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលដ៏មានសារៈសំខាន់បំផុតមួយ កោតសរសើរលើការដឹកនាំរបស់ស្ថាប័នកំពូលថ្នាក់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើសមត្ថភាពដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃគោលនយោបាយសន្តិភាពដ៏រឹងមាំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃគោលនយោបាយរក្សាស្ថិរភាព និងភាពរីកចម្រើន។

ព្រះរាជសុន្ទរកថាដ៏ថ្លៃថ្លារបស់ព្រះអង្គ មិនត្រឹមតែបង្ហាញនូវទឹកព្រះទ័យអបអរសាទរការដឹកនាំរបស់ឥស្សរជនកំពូលសំខាន់ៗទាំងពីរនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់សារជាថ្មីអំពីដំណើរដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសដែលកំពុងស្ថិតក្នុងរបត់នៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលគ្មានមារសត្រូវណាអាចបៀតបៀនបានឡើយ៖

«ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បានធ្វើឡើងក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកកំពូលនៃស្ថាប័នជាតិទាំង៣ រួមមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឥស្សរជនជាន់ខ្ពស់ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

ព្រះរាជបន្ទូល ដែលគួសបញ្ជាក់ខ្លាំងលើសុខដុមនីយកម្មនៃវិស័យសាសនានេះ ក៏ជាផ្នែកមួយនៃភាពជាប់ទាក់ទងមិនអាចកាត់ផ្តាច់បានឡើយ លើទម្រង់អភិបាលកិច្ចដឹកនាំប្រទេសជាតិ ទាំងមូលរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៖ «ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ»

*ហេតុអ្វីបានជាព្រះរាជបន្ទូល បានផ្តោតសំខាន់លើសុខដុមនីយកម្មវិស័យសាសនា?

សាសនា គឺជាផ្នែកមួយនៃបាវចនា ជាតិ សាសនា និងព្រះមហាក្សត្រ។ ក្នុងអតីតកាលសង្គ្រាមស៊ីវិលឆាបឆេះក្នុងប្រទេសកម្ពុជាដោយសាររដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បាវចនា សាសនា និងព្រះមហាក្សត្រ ត្រូវបានរលាយអស់ទាំងស្រុង ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម ដោយរបបកាប់សម្លាប់ខ្មែរគ្នាឯងនេះ បានកម្ទេចព្រះពុទ្ធសាសនា និងសាសនាដទៃទៀត រលត់រលាយបាត់ស្រមោលអស់ទាំងស្រុងក្នុងអតីតកាលនោះ។

វត្តអារាម និងព្រះវិហារ នៃនិមិត្តរូបសាសនាក្នុងបាវចនាជាតិទាំង៣ ត្រូវបានរបបខ្មែរក្រហម ប៉ុល ពត បំផ្លាញអស់ទាំងស្រុង។ បើគ្មានថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ និងគ្មានភាពដឹកនាំដ៏ឆ្លាតវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមគំនិតធ្វើឱ្យរស់ឡើងវិញនូវរបបរាជានិយម និងក្រោយមកបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ពន្លត់ភ្លើងសង្គ្រាមស៊ីវិលអស់ទាំងស្រុង និងធ្វើឱ្យប្រទេសជាតិទាំងមូល បានឯកភាពទឹកដីពិតប្រាកដកាលពីចុងឆ្នាំ១៩៩៨នោះទេ ម្ល៉េះកម្ពុជា ពេលនេះមិនដឹងក្លាយជាយ៉ាងណាឡើយ។

*គោលនយោបាយឈ្នះឈ្នះ៖ ជាខែលប្រឆាំងនឹងអស្ថិរភាព

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ កោតសរសើរចំពោះសម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ចាត់ទុកថា សម្តេចតេជោ គឺជា «ស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាព សង្គមសន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ» នោះ គឺជាព្រះរាជបន្ទូលឆ្លុះបញ្ចាំងការពិតក្នុងការរស់ឡើងវិញ នៃព្រះពុទ្ធសាសនា និងវត្តអារាមកម្ពុជា ដែលភាពរស់រវើកទាំងនេះ កំពុងបង្ហាញពីទំនាក់ទំនងដែលជាប់ទាក់ទងគ្នារវាងសាសនា អភិបាលកិច្ច និងស្ថិរភាពជាតិ។ ព្រះរាជបន្ទូលនេះ បានឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែងថា រាជរដ្ឋាភិបាលបច្ចុប្បន្នកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងអនុវត្តគោលនយោបាយឈ្នះឈ្នះ គឺពិតជាខែលប្រឆាំងនឹងអស្ថិរភាព និងបន្តធ្វើឱ្យសន្តិភាពកាន់ចាក់ឫសជ្រៅ និងកាន់តែរឹងមាំ។

ព្រះរាជបន្ទូល គឺជាសក្ខីកម្មបង្ហាញថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យមានភាពសុខដុមរមនាលើវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម និងពង្រឹងអត្តសញ្ញាណវប្បធម៌ និងស្មារតីរបស់ជាតិកម្ពុជាទាំងមូល។ ពុទ្ធសាសនា គឺជាផ្នែកមួយនៃសសរស្តម្ភរបស់សង្គមកម្ពុជាក្នុងប្រវត្តិសាស្ត្រ ហើយសសរស្តម្ភនេះ គឺបានធានាឱ្យមានការរស់ឡើងវិញ និងបានរួមចំណែកដល់មូលដ្ឋានសីលធម៌នៃគ្រឹះទ្រទ្រង់សំខាន់មួយរបស់ប្រទេសជាតិ។

ដូច្នេះក្រោមគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជាដែលបានរួមចំណែកបង្កើតគ្រឹះទ្រទ្រង់សីលធម៌ដ៏សំខាន់របស់ជាតិ ក៏ជាខែលមួយរារាំងអំពើប៉ុនប៉ងរបស់សត្រូវ ដែលចង់ធ្វើឱ្យកម្ពុជារងអស្ថិរភាពនយោបាយ ក្រោមការបង្កើតតែព័ត៌មានញុះញង់ និងប្រឌិត ហេតុតែពួកគេចង់ឱ្យបរទេស ឃើញរូបភាពខ្មែរតែក្នុងទម្រង់អាក្រក់។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ នៅបានកោតសរសើរលើភាពដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែមទៀត។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទួលកត់សម្គាល់ថា ភាពដឹកនាំដ៏ឈ្លាសវៃ ជាមួយនឹងគោលនយោបាយសមស្របរបស់សម្តេចបវរធិបតី គឺជាសក្ខីកម្មជាក់ស្តែង ដែលបញ្ជាក់ពីប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់កម្ពុជា និងដែលពីមួយថ្ងៃទៅមួយថ្ងៃ បាននិងកំពុងជំរុញវឌ្ឍនភាព និងស្ថិរភាពសង្គម ទៅមុខជាលំដាប់ និងដែលគ្មានបុគ្គលណាមួយអាចមកប្រមាថ ឬប្រទូសរ៉ាយ នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ។

*គោលនយោបាយឈ្នះឈ្នះ បង្កើនកេរ្តិ៍ឈ្មោះសន្តិភាព របស់កម្ពុជានៅលើពិភពលោក

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ដែលកោតសរសើរលើនយោបាយដឹកនាំប្រទេសរបស់ស្ថាប័នកំពូលដឹកនាំជាតិ ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា បានជួយជម្រុញជាខ្លាំងលើស្មារតីពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅស្រុក និងជាការដាស់តឿនមិនឱ្យពលរដ្ឋខ្មែរ ជឿលើនយោបាយញុះញង់ចង់បំបែកបំបាក់ជាតិខ្មែរខ្លួនឯងឡើយ។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រក៏ជាកញ្ចក់ឆ្លុះបញ្ចាំងនូវតថភាពនៃសង្គមជាតិរបស់ខ្មែរ ប្រាប់ទៅពិភពលោកថែមទៀត។

ប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានចូលរួមដោយជោគជ័យលើផ្នែកការទូត ដោយបានពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់និងពិភពលោក និងតាមរយៈនេះ កម្ពុជាក៏បានបង្ហាញពិភពលោកទៀតថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសដែលមានស្ថិរភាពដ៏ល្អបំផុតសម្រាប់ការបណ្តាក់ទុនវិនិយោគ និងលំហូរទេសចរណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សេដ្ឋកិច្ចកម្ពុជា បានបន្តដំណើរការរឹងមាំរបស់ខ្លួននៅឆ្នាំ២០២៤ ដោយសម្រេចបាននូវអត្រាកំណើន ៦.០%។ កំណើនសេដ្ឋកិច្ច ដែលកាន់តែរីកឡើង រួមជាមួយនឹងអត្រាអតិផរណាទាបប្រមាណ ០.៨% បានបង្ហាញពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស និងគោលនយោបាយសារពើពន្ធគួរឱ្យយកចិត្តទុកដាក់។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងពី ២,៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ២,៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤ និងអ្វីទាំងនេះ បានបង្ហាញពីការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងជាទស្សនៈវិស័យវិជ្ជមានសម្រាប់វិបុលភាពជាតិ ក្រោមការកាច់ចង្កូតរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លើសពីនេះទុនបម្រុងអន្តរជាតិ ក៏បានកើនឡើងដល់ ២២,៥១១ពាន់លានដុល្លារ ដែលធានាបាននូវការគ្របដណ្តប់គ្រប់គ្រាន់សម្រាប់ការនាំចូលប្រមាណ៧ខែ។ ខ្នើយហិរញ្ញវត្ថុដ៏រឹងមាំបែបនេះ កាន់តែជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក, ការពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងធានាបាននូវកំណើនជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀត ការតម្លើងឋានៈជាផ្លូវការរបស់កម្ពុជាពីប្រភេទនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលបានកំណត់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ A/79/L.49 គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំក្នុងដំណើរការសេដ្ឋកិច្ចជាតិ។

*ព្រះរាជបន្ទូលព្រះមហាក្សត្រ បញ្ជាក់ភាពរុងរឿងក្នុងសម័យកាលសន្តិភាពបច្ចុប្បន្ន

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រតាមព្រះរាជសុន្ទរកថា ក៏ជាសារមួយដាស់តឿនប្រាប់ទៅមនុស្សមួយចំនួនឱ្យដឹងដែរថា ការប៉ុនប៉ងព្យាបាទដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល នឹងមិនទទួលបានជោគជ័យឡើយ។ សម័យកាលនេះ ជាសម័យកាលសន្តិភាព និងប្រជាជនពិតជាបានទទួលនូវផលប្រយោជន៍ នៃសន្តិភាពដោយផ្ទាល់ និងសូម្បីតែព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គក៏បានមានព្រះរាជបន្ទូលបញ្ជាក់នូវការពិតនៃសុខដុមនីយកម្មសាសនា ដែលកំពុងកើតឡើងក្នុងសង្គមកម្ពុជាជារៀងរាល់ថ្ងៃនេះផងដែរ។ បើគ្មានការដឹកនាំដ៏ត្រឹមត្រូវតាមរបត់នយោបាយរបស់ជាតិដ៏ប៉ិនប្រសប់នោះទេ សុខដុមនីយកម្មលើវិស័យសាសនា ក៏មិនអាចត្រូវបានពិភពលោកទទួលស្គាល់បានដែរ។

ម្យ៉ាងទៀត ទោះបីជាមានការប៉ុនប៉ងពីសំណាក់ក្រុមប្រឆាំងដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងញុះញង់ឱ្យមានចលាចលក៏ដោយ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ គឺជាសារដ៏រឹងមាំមួយបញ្ជាក់ម្តងហើយ ម្តងទៀតថា ប្រទេសកម្ពុជាក្រោមការកាច់ចង្កូតរបស់រាជរដ្ឋាភិបាលពិតជាបានធ្វើឱ្យសង្គមមានការរីកចម្រើន និងមានស្ថិរភាពល្អប្រសើរជាខ្លាំងណាស់។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ គឺជាសក្ខីភាពដ៏មានអានុភាព ចំពោះការពិតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ និងជាកញ្ចក់ឆ្លុះបញ្ចាំងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសមានសន្តិភាព បាននាំប្រទេសកម្ពុជាដែលធ្លាប់តែខ្ទេចខ្ទាំកាលពីអតីតកាល ដើរចេញផុតពីសុបិន្តដ៏អាក្រក់នោះហើយ និងបច្ចុប្បន្នកំពុងតែមានដំណើរ និងសន្ទុះវិវត្តន៍ទៅមុខរបស់ខ្លួនក្នុងសម័យលូតលាស់បច្ចេកវិទ្យាឌីជីថលរបស់ពិភពលោក។

ព្រះរាជបន្ទូល បានទទួលស្គាល់ថា គោលនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាធ្វើឱ្យប្រទេសមានសន្តិភាពដ៏ពេញលេញ និងសន្តិភាពនេះកាន់តែចាក់ឫសជ្រៅ ខណៈព្រះរាជបន្ទូលដដែលរបស់ព្រះមហាក្សត្រ បានកត់សម្គាល់លើភាពឈ្លាសវៃ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្តេជ្ញាបន្តថែរក្សាសន្តិភាព នឹងកាន់តែធ្វើឱ្យប្រទេសមានស្ថិរភាព និងការរីកចម្រើនកាន់តែខ្លាំងក្លា និងក៏គ្មានអនុភាពប្រតិកិរិយាណាអាចមកបំបែកបំបាក់បានឡើយ។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ គឺជាការទទួលស្គាល់សមិទ្ធផលតាំងពីអតីតកាល មកទល់នឹងបច្ចុប្បន្ន និងជាសារបង្ហាញទៅពិភពលោកថា អនាគតរបស់កម្ពុជាក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះឈ្នះ ពិតជានឹងធ្វើឱ្យប្រទេសនៃពលរដ្ឋដែលមានចំនួន១៧លាននាក់នេះ នឹងសម្រេចនូវសុបិន្តចង់បានរបស់ខ្លួនក្នុងឆ្នាំ២០៥០ ក្នុងការនាំឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានជីវភាពកាន់តែរុងរឿង៕