(បន្ទាយមានជ័យ)៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ជនសង្ស័យ ជួញដូរគ្រឿងញៀន ជាង១៤ម៉ឺនគ្រាប់ ដែលត្រូវបាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ឆ ភិឆិតឆៃ ភេទប្រុស កើតឆ្នាំ១៩៦៣ ត្រូវបានឃាត់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដឹកនាំដោយលោកសុក កែវបណ្ឌិតព្រះអាជ្ញារងអមសាលាដំបូងខេត្ត និងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ វិច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាង រួមមាន ថ្នាំញៀន ចំនួន២៤ដុំធំ ស្មើនឹង១៤៤០០០គ្រាប់ រថយន្តកាមរីឆ្លាម១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ដាវសាម៉ូរៃ១ដើម៕