Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្នាក់ងារអភិរក្សប្រាសាទ និងភ្នាក់ងារព្រៃឈើកាត់មែកជ្រៃ ដើម្បីបញ្ជៀសពីការបាក់រលំបង្កគ្រោះថ្នាក់ ដល់ប្រាសាទបេងមាលា

24-10-2016 17:14

(សៀមរាប)៖ ដើមជ្រៃមួយដើម ដែលមានអង្កត់ផ្ចិតប្រហែល៣០សង់ទីម៉ែត្រ ដុះលើរោងទងនៅខាងក្នុង ប្រាសាទបេងមាលា ត្រង់ថែវផ្នែកខាងត្បូង ត្រូវបានភ្នាក់ងារអភិរក្សប្រាសាទបេងមាលា រួមនឹងភ្នាក់ងារព្រៃឈើកាប់លះមែកធំតូច ដើម្បីសម្រាលទម្ងន់មកលើរចនាសម្ព័ន្ធប្រាសាទ។ ការសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយពី ក្រុមអភិរក្សប្រាសាទ មើលឃើញថា ដើមជ្រៃមួយដើមធំនេះ បានពុកផុយពាក់កណ្តាលដើម ដោយសារមេខ្មូតស៊ី និងមានមែកសាខាទោរទន់ខ្លាំង ដែលអាចនឹងបាក់រលំ ធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងលោក ឈាន រដ្ឋា ប្រធានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ។

លោក ឈាន រដ្ឋា បានឲ្យដឹង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ស្ថានភាពដើមជ្រៃ ដែលក្រុមការងារសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានក្រុមអភិរក្សប្រាសាទតាមដាន ជាច្រើនថ្ងៃមកហើយ និងបានបិទផ្លូវទស្សនាមួយរយៈ ដោយសារឃើញស្ថានភាព នៃដើមជ្រៃធំនេះមានលក្ខណៈពុកផុយខ្លាំង ឈានដល់ការបាក់រលំក្នុងពេលដ៏ខ្លីខាងមុខ។

លោកបញ្ជាក់ថា «ដើមឈើដែលដុះនៅតាមប្រាសាទ គឺជាទេសភាពវប្បធម៌ដ៏ ត្រកាលជួយជាម្លប់ និងរក្សាសំណើមនៅក្នុងថ្មប្រាសាទ ព្រមទាំងជួយលម្អសោភណភាព ប្រាសាទជួយទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។ ប៉ុន្តែករណីខ្លះ វាបង្កហានិភ័យដល់ប្រាសាទដែរ តែយើងយកប្រាសាទជាកត្តាអាទិភាព។ ក្នុងករណីនេះ យើងត្រូវកាប់យកចេញតែ មែកដែលពុកផុយ គឺយើងមិនបានកាប់ដកហូតដើមទាំងស្រុងទេ ក្នុងគោលបំណងរក្សាលំនឹងដើមឈើ និងប្រាសាទ រក្សាទេសភាពវប្បធម៌ និងការពារសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ»

ជាមួយគ្នានេះដែរ លោក ឈាន រដ្ឋា បន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំផែនការ ដោយសហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដើម្បីធ្វើផែនទីហានិភ័យដើមឈើ។ ក្រោយបញ្ចប់ការងាររៀបចំផែនទី ក្រុមការងារនឹងត្រូវកាត់ក្រីមែក ឬកាប់ដកហូតនូវដើមឈើមួយចំនួនទៀត តាមស្ថានភាពជាក់ស្តែងក្នុងប្រាសាទ និងបរិវេណប្រាសាទបេងមាលា ដើម្បីការពារហានិភ័យ ដល់រចនាសម្ព័ន្ធប្រាសាទ ព្រមទាំងការពារសុវត្ថិភាពភ្ញៀវទេសចរផង៕