(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សមិទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពី« ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» បានចូលរួមចំណែកមួយយ៉ាងសំខាន់​ក្នុងការគាំទ្រអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ​ជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ​របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះ​នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី « ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលា​ភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំក្រសួង​មុខងារសាធារណៈ និងមានសិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៧ ជាច្រើនរូបទៀត។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា គោលបំណងសំខាន់វគ្គបណ្តុះបណ្តាលនេះ គឺផ្តល់គាំទ្រជាចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងអំពីការផ្លាស់​ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អ និងផលិតភាពខ្ពស់ ដែលផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដូចដែលសិក្ខាកាមជំនាន់មុនៗ បានធ្វើរួចមកហើយ ដោយយកចិត្តទុកដាក់និងបំពេញតាម​លក្ខខណ្ឌនានា​របស់វគ្គ ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ថ្មីៗ យកទៅដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ និងអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត​របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ និងបានកំណត់ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» បានរៀបចំឡើងឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ហើយក៏ស្របនឹងអាទិភាព ​ដែលមានចែង​ក្នុងមុំទី១ និង មុំទី២ នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ សំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្ដាញអ្នកដឹកនាំ ព្រមទាំងការលើក​កម្ពស់​សមត្ថភាពធន់ធានមនស្សប្រកបដោយភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៍ វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវផងដែរ។

បើតាមលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង ៦វគ្គមកហើយ ក្រោមកិច្ចសហប្រតិបត្តិការ​រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ។ វគ្គបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែកមួយ​យ៉ាង​សំខាន់ដើម្បីអនុវត្តផែនការ​សកម្មភាព ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែ​ទម្រង់រដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ត្រង់ចំណុចវិធានការគន្លឹះទី២ ដោយផ្តោតលើ​ការអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដូចជា (១) បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing)៖ បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងបង្កើននូវជំនាញនិងទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការ​សកម្មភាពរបស់អង្គភាព (២) បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing)៖ អនុវត្តនូវទ្រឹស្ដីដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្ដែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេច លទ្ធផលល្អប្រសើរ​តាមរបៀបថ្មី ឬតាមរបៀបដែលកាន់តែ ឆាប់រហ័ស និងផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពនិងនវានុវត្តន៍ (២) បង្កើនសមត្ថភាពគាំទ្រគ្នា (Being)៖ ផ្នែកមួយនៃបណ្ដាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួននិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការ ដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។

សិក្ខាកាមដែលបានចូលរួមនៅថ្នាក់ជាតិមានតំណែងចាប់ពីកម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត រហូតដល់អភិបាលរាជធានី ខេត្ត។ ជាលទ្ធផលសិក្ខាកាមចំនួន ១,០១៨នាក់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ៕