(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករខ្មែរ ងាកទៅចាប់អារម្មណ៍ដាំដុះដំណាំ «ល្ម៉ើ» នៅក្នុងប្រទេសកម្ពុជា ដោយលោកអះអាងថា ដំណាំប្រភេទនេះ កំពុងមានទីផ្សារខ្ពស់នៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ីនេះតែម្តង។
ក្នុងពិធីចុះអនុស្សារណៈរួមគ្នារវាង ក្រុមហ៊ុន ខេង ឡាយ របស់កម្ពុជា, ក្រុមហ៊ុន Daily Green របស់ថៃឡង់ និងក្រុមហ៊ុន A.T .C. Supply របស់អ៊ីស្រាអ៊ែល នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា លោក វេង សាខុន បានលើកឡើងថា ដំណាំ «ល្ម៉ើ» គឺជាដំណំាមួយដែលក្រសួងបានពិនិត្យថាមានសារសំខាន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់កសិករខ្មែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវតែមានការគិតគូរពីរយៈពេល នៃការដាំដុះវា ព្រោះថាមានរយៈដែលទទួលផលចាប់ពី៣ឆ្នាំឡើងទៅ ។
លោកបញ្ជាក់ថា «កសិករខ្មែរបានកំពុងចាប់ផ្តើមដាំដំណំាល៉្មើរនេះ ដូច្នេះខ្ញុំ សូមស្នើទៅក្រុមហ៊ុន ត្រូវពិនិត្យ និងផ្តល់ជាបន្ទាន់ នូវបច្ចេកទេសនៃការដំាដុះ ការថែទំា ការប្រមួលផល និងវេចខ្ចប់ប្រកបដោយគុណភាពនិងអនាម័យ ដែលបច្ចុប្បន្ននេះអ្វីៗត្រូវគិតពីផលិតផលស្បៀងជាសំខាន់ ។ ផ្ទុយទៅវិញ ប្រសិនយើងមិនបានគិតគូរគុណភាព អនាម័យនោះ ផលិតផលរបស់យើងគ្មានតម្លៃឡើយ»។
ដំណាំ «ល្ម៉ើ» ជាឈើមួយប្រភេទសន្តានត្នោត តែមានស្លឹក និងបន្លាផ្សេងគ្នាពីត្នោត មានផ្លែតូចៗហើយរសជាតិផ្អែម។ គេអាចយកផ្លែ «ល្ម៉ើ» ទៅធ្វើជាបង្អែម ដំណាប់ ភេសជ្ជៈ និងស្ករលម៉ើជាដើម ហើយវាជាអាហារពេញនិយមបំផុតសម្រាប់ប្រជាជនឥស្លាម។ ដំណាំល្ម៉ើអាចដំានៅតំបន់ខ្ពស់រាប មិនលេចទឹក។
លោក វេង សាខុន បានគូសបញ្ជាក់ថា៖«ការដាំល្ម៉ើនេះជាការចូលរួមចំណែកមួយយ៉ាងធំធេង ទី១ការប្រើប្រាស់ទឹកនៅកម្ពុជាក្នុងការដាំដំណំាផ្សេងៗមានការកាត់បន្ថយ ទី២ កាត់បន្ថយធ្វើចំណាកស្រុក និងទី៣ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា »។
គួរបញ្ជាក់ថា ដំណាំ «ល្ម៉ើ» ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងចាប់ផ្តើមទទួលផល ក្នុងរយៈពេល៣ឆ្នាំ បានចាប់ពី៤០គីឡូទៅ១០០គីឡូក្រាមក្នុងមួយដើម ហើយក្នុងរយៈពេល១០ ឆ្នាំអាចទទួលផល បាន៥០គីឡូឡើងទៅក្នុងមួយដើមៗ ៕