(ភ្នំពេញ)៖ ផ្លូវបេតុងមួយខ្សែ ប្រវែង ជាង១៥០០ម៉ែត្រ ក្នុងស្រុកខ្សាច់កណ្តាល ដែលបានស្ថាបនារួចរាល់ និងដាក់ឱ្យដំណើរការ បាននិងកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១,៥៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍នៅតាមតំបន់ជនបទ ដោយបានជំរុញការស្ថាបនាផ្លូវនៅតាមតំបន់ជនបទដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរប្រចាំថ្ងៃ ពោលគឺប្រែក្លាយពីគ្មានផ្លូវមកមានផ្លូវ, ផ្លូវដែលពិបាកធ្វើដំណើរមកជាផ្លូវក្រាលក្រួស, ជាពិសេសនៅតាមតំបន់ជនបទមួយចំនួន បានប្រែក្លាយពីផ្លូវ ក្រាលក្រួស មកជាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ដូចផ្លូវនៅទីនេះជាដើម។
ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញលើកកម្ពស់ផ្លូវនៅតាមជនបទ តាមរយៈការស្តារ, ការស្ថាបនា និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាការប្រើប្រាស់យូរ អង្វែង និងធន់ទៅនិងបម្រែបម្រួលអាកាសធាតុ ដើម្បីជំរុញដំណើរការអន្តរសេដ្ឋកិច្ច-សង្គម និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
លោកបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយកចិត្តទុកដាក់ លើការជួសជុលផ្លូវជនបទជា ប្រចាំ, ពង្រឹងការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃអនុវត្តគម្រោងជាដើម។ ជាក់ស្តែងផ្លូវបេតុងនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវ នេះបានយ៉ាង ល្អប្រសើរ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឧត្តមសេនីយ៍ទោ អ៊ុន សុវណ្ណាសារ អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចមក នាយកដ្ឋានក៏បានចាប់ផ្តើមស្ថាបនា និងឈានមកដល់ការវាយតម្លៃបញ្ចប់សុពលភាព, បច្ចុប្បន្នផ្លូវនេះបានកំពុងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋជាដើម។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកដល់មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាម មូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងនេះជាដើម ។
លោក ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម ថែទាំងផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ។
ក្នុងពិធីសំណេះសំណាលនេះដែរ រដ្ឋលេខាធិការ ក៏បានយកអំណោយដ៏ថ្លៃថ្លារបស់ ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួលបានក្រម៉ាចំនួន១៕