(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រឆាំងការសម្អាតប្រាក់ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ (Database System) និងការអនុវត្តដីកាប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២៥ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍នាយករងមន្ទីរ លោកវរសេនីយ៍នាយការិយាល័យទាំង១១ និងលោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សរុប១៣៣រូប (ស្រី១៣រូប)។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លើកឡើងថា ដោយទទួលបានផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងផ្អែកតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសលើការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ( Database System) ការគ្រប់គ្រង ដីកា និងការអនុវត្តដីកា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លោក សូមដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៥ រួមមានដូចខាងក្រោម ៖
១៖ សូមបន្តរក្សានិរន្តរភាពស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របតាមសំអាងបទល្មើសឱ្យបានគ្រប់ជ្រុងជ្រោយប្រកប ដោយគុណភាព និងជំរុញការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របតាមសំអាងនូវបទល្មើសឲ្យបានលើសពី ៣៦% នៃសំអាងបទល្មើសសរុប។
២៖ ពង្រឹង និងលើកកម្ពស់កិច្ចសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ ទាំងផ្លូវការ-ក្រៅផ្លូវការក្នុងការផ្លាស់ប្ដូរព័ត៌មានបម្រើដល់ការស៊ើបអង្កេតនិងពន្លឿននីតិវិធីស៊ើបអង្កេត។
៣៖ បន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់លើជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
៤៖ ពង្រឹងការយកចិត្តទុកដាក់ លើការគ្រប់គ្រងស្ថិតិទិន្នន័យស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ឱ្យបានល្អពេញលេញ និងគ្រប់ជ្រុងជ្រោយ (ករណីចាប់ពី ១០ ក្រាមឡើង) និងថតចម្លងសំណុំរឿងឱ្យក្រុមការងារ ឱ្យបានទៀងទាត់ ជារៀងរាល់ខែតាមការកំណត់។
៥៖ ត្រូវក្តាប់ស្ថានភាពឱ្យបានជាប់ប្រចាំ អំពីសភាពការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំងសភាពការណ៍ជាសកលអំពីការងារប្រឆាំងការសម្អាតប្រាក់។
៦៖ បន្តបញ្ចូលទិន្នន័យ ករណីចាស់ៗដែលនៅសេសសល់ ទៅក្នុងប្រព័ន្ធឱ្យបាន ១០០%។
៧៖ ជំរុញឱ្យមន្ត្រីជំនាញត្រូវបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធ (Database System) ឱ្យបានត្រឹមត្រូវគ្រប់ករណីមុននឹងបញ្ជូនសំណុំរឿងទៅតុលាការ និងត្រូវធ្វើបច្ចុប្បន្នភាពជាប់ប្រចាំ។
៨៖ បង្កើនកិច្ចសហការឱ្យបានជិតស្និតរវាងក្រុមការងារជំនាញគ្រប់គ្រង តាមដានការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធរបស់មន្ទីរប្រឆាងគ្រឿងញៀន ជាមួយមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។
៩៖ បន្តបើកវគ្គបណ្តុះបណ្តាល មន្ត្រីជំនាញបច្ចេកទេសបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធ និងបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
១០៖ ពង្រឹងការគ្រប់គ្រង ការស្រាវជ្រាវ និងការអនុវត្តដីកាដែលនៅសេសសល់ ដោយធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ ជាពិសេសស្រាវជ្រាវរករូបថតមុខសញ្ញាដែលមានដីកា ហើយត្រូវបញ្ចូលទិន្នន័យដីកា និង រូបថតទាំងអស់ទៅក្នុងប្រព័ន្ធ។
១១៖ បន្តពង្រឹងការធ្វើរបាយការណ៍បូកសរុប ប្រចាំថ្ងៃ សប្តាហ៍ ខែ ឱ្យបានទៀងទាត់តាមការកំណត់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានឡើងពន្យល់ណែនាំអំពីចំណុចខ្វះខាត បញ្ហាប្រឈម អំពីការងារប្រឆាំងការសម្អាតប្រាក់ ការបញ្ចូលទិន្នន័យក្នុង ប្រព័ន្ធ Database System និងការអនុវត្តដីកា។ លោកឧត្តមសេនីយ៍ទោ អិន សុង ក៏បានកោតសរសើរដល់លោកនាយការិយាល័យតាមបណ្តារាជធានី-ខេត្តនិងមន្រ្តីជំនាញមួយចំនួន ដែលកន្លងមកបានយកចិត្តទុកដាក់ ក្នុងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបានល្អ ហើយចំពោះខេត្តណាដែលមិនទាន់ល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ នាយករងមន្ទីរក៏បានលើកយកចំណុចខ្លាំងចំនួន ដែលសម្រេចបានលទ្ធផលកន្លងមករួមមាន៖
* បណ្តាការិយាល័យ ចំណុះមន្ទីរប្រឆាំងគ្រឿងញៀន និងបណ្តាការិយាល័យប្រឆាំងគ្រឿងញៀនរាជធានី ខេត្តមួយចំនួនធំ បានបន្តការយកចិត្តទុកដាក់ ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របតាមសំអាងនៃបទល្មើស និងតែងតែអនុវត្តតាមផែនការក្រុមការងារថ្នាក់ជាតិជាប់ជាប្រចាំ។
* មានការគ្រប់គ្រងស្ថិតិទិន្នន័យទាំងករណីធម្មតា និងធ្ងន់ធ្ងរ និងការរក្សាទុកនូវឯកសារសំណុំរឿង បទល្មើសសម្អាតប្រាក់បានយ៉ាងហ្មត់ចត់។
* ធ្វើរបាយការណ៍បានទៀងទាត់ល្អ ជូនទៅក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
* បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជំនាញស៊ើបអង្កេតបទល្មើសម្អាតប្រាក់ ជាបន្តបន្ទាប់។
* បានពង្រឹងការគ្រប់គ្រង ការស្រាជ្រាវ និងការអនុវត្តដីកាដែលនៅសេសសល់ ដោយធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ ជាពិសេសស្រាវជ្រាវរករូបថតមុខសញ្ញាដែលតាមចាប់ខ្លួន ហើយបូកសរុប រាយការណ៍ មកមន្ទីរប្រឆាំងគ្រឿងញៀនជារៀងរាល់ខែ និងបានបញ្ចូលដីកាទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាបានត្រឹមត្រូវ៕