(កំពង់ធំ)៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ប្រឡាយទឹកថ្មីនៅឃុំទ្រា នឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបញ្ជៀសទឹកជំនន់ទីរួមស្រុកស្ទោង ហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក សម្រាប់ប្រជាកសិករនៅក្នុងមូលដ្ឋានដឹកជញ្ជូនកសិផល។
ការលើកឡើងបែបនេះរបស់លោក ឈា ប៊ុនរិទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោកព្រមទាំងសហការី និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពជីកប្រឡាយ១ខ្សែ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា៖ «ប្រឡាយថ្មីនេះ មិនត្រឹមតែជាប្រព័ន្ធជារាស្រ្តស្រោចស្រពដ៏មានសក្តានុពលនោះទេវាក៏ជាប្រព័ន្ធរំដោះទឹកដ៏មានប្រសិទ្ធភាព ដែលអាចបញ្ជៀសជំនន់ទឹកស្ទឹងស្ទោង ហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក សម្រាប់ប្រជាកសិករនៅក្នុងមូលដ្ឋានដឹកជញ្ជូនកសិផល ដែលអាចរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំទ្រាក៏ដូចជាស្រុកស្ទោងទាំងមូលឱ្យកាន់តែប្រសើរឡើងជាងមុនជាពិសេសជាការយកចិត្តទុកដាក់ខ្ពស់និងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃកម្ពុជា»។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ស្ទឹងស្ទោង និងអាងទឹក៣០ កញ្ញា ព្រមទាំងប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត ពិតជារួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ស្រុកស្ទោងជាពិសេសប្រឡាយថ្មីនេះ មិនត្រឹមតែជាប្រព័ន្ធស្រោចស្រព ជ្រែកវាលស្រែធំល្វឹងល្វើយនោះទេវានឹងប្រែក្លាយទៅជាភូមិឋានដ៏ស្អេកស្កះខៀវស្រងាត់ ស្រស់បំព្រង នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា ប្រឡាយថ្មីនេះមានប្រវែង ៥,៧២៧ម៉ែត្រ បាតក្រោម៣ម មាត់លើ១២ម៉ែត្រ ផ្លូវសងខាងប្រឡាយម្ខាង ៤ម៉ែត្រ ដែលលាតសន្ធឹងគ្របដណ្ដប់លើ៤ភូមិ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕