(ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយ គឺជាមធ្យោបាយទំនាក់ទំនងទៅកាន់ ឬជះឥទ្ធិពលលើមនុស្ស ឬនិយាយម្យ៉ាងទៀត វាសំដៅលើអ្វីដែលអាចបញ្ជូនព័ត៌មានពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬកន្លែងមួយទៅកន្លែងមួយទៀត។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវបានបោះពុម្ពជាទម្រង់ជាក់លាក់ដូចជាកាសែត ឬទស្សនាវដ្តី ខណៈពេលដែលទម្រង់ផ្សេងទៀតត្រូវបានចាក់ផ្សាយដូចជា ពាណិជ្ជកម្ម វិទ្យុ ឬកម្មវិធីទូរទស្សន៍។

នៅយុគសម័យកុំព្យូទ័រ ប្រភេទប្រព័ន្ធផ្សព្វផ្សាយមានច្រើននៅលើអ៉ីនធឺណែតដូចជា៖ បណ្ដាញសង្គម និងវីដេអូពី YouTube ឬ Tik Tok ជាដើម ដែលត្រូវបានចែករំលែកយ៉ាងឆាប់រហ័សដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនខ្វះចំណេះដឹង និងជំនាញក្នុងការគិតពិចារណាចាំបាច់ដើម្បីយល់ និងបកស្រាយព័ត៌មានដែលពួកគេទទួលបាន ហើយអ្នកទទួលព័ត៌មានមួយចំនួនមិនដឹងថាប្រភពប្រព័ន្ធផ្សព្វផ្សាយមានប៉ះពាល់ដល់គំនិត និងការសម្រេចចិត្តរបស់ពួកគេយ៉ាងណានោះទេ។

ត្រង់ចំណុចនេះ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជក់ថា ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បាននឹងកំពុងខិតខំលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈការជ្រើសរើស និងការធ្វើទំនើបកម្មការបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ សារព័ត៌មាន ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណភាពព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍវិស័យ ព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្នុងនោះមានដូចជា៖ បញ្ហាសន្តិសុខព័ត៌មាន ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយគ្មានព្រំដែន ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត អនក្ខរកម្មឌីជីថល និងព័ត៌មានស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» ជូនដល់មន្ត្រីនៃក្រសួងព័ត៌មានចំនួន ៥៦រូប នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជាមានអ្នកសារព័ត៌មានជាច្រើន ដែលនៅមិនទាន់បានឆ្លងកាត់ការបណ្តុះបណ្តាល ពង្រឹងវិជ្ជាជីវៈអោយបានត្រឹមត្រូវ ដូច្នេះហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានខិតខំធ្វើកិច្ចសហការជាមួយសមាគមសារព័ត៌មាន ដៃគូរអភិវឌ្ឍ ស្ថាតទូត អង្គការអន្តរជាតិនានា ដើម្បីរៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានឱ្យមានចំណេះដឹងត្រឹមត្រូវ មានសមត្ថភាពក្នុងការសរសេរព័ត៌មានដែលមានគុណភាព ប្រកបដោយជំនឿទុកចិត្ត និងសុវត្ថិភាពព័ត៌មាន។

«តាមរយៈកិច្ចការងារនេះក្រសួងព័ត៌មាន បានដាក់ចេញផែនការសកម្មភាពបណ្តុះបណ្តាលមានចំនួនជាង ៨០វគ្គ ដោយចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឱ្យដើរស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា តែងតែងយកចិត្តទុកដាក់ខ្ពស់លើគោលនយោយបាយអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើការបង្កើនសមត្ថភាពមនុស្ស គុណភាពអប់រំ ការបណ្តុះបណ្តាល បច្ចេកទេសនិង ជំនាញ ដូចបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ តាមរយៈនេះក្រសួងព័ត៌មានបានដាក់បញ្ចូលការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងៗទៀត ទៅក្នុងទិសដៅយុទ្ធសាស្ត្រ អភិវឌ្ឍន៍ស្ថាប័ន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់មន្ត្រីដែលធ្វើកិច្ចការងារព័ត៌មាន គឺជាការចាំបាច់ បើសិនជាមន្ត្រីមិនមានសមត្ថភាពពេញលេញច្បាស់លាស់នោះទេ នោះយើងមិនអាចគ្រប់គ្រងបាននូវការងារព័ត៌មាន និងសាធារណៈមតិបានឡើយ ហើយត្រូវចាំថាការដែលសរសេរព័ត៌មាន ឬធ្វើកិច្ចការងារនៅក្នុងវិស័យព័ត៌មាន នៅស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែត វាមិនត្រឹមតែធ្វើឱ្យរួចតែពីដៃនោះទេ។ ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅរាល់អត្ថបទ ស្នាដៃព័ត៌មាន ដែលជ្រើសរើសយកមកសរសេរសម្រាប់ការផ្សព្វផ្សាយ គឺចាំបាច់ណាស់ត្រូវមានខ្លឹមសារពេញលេញល្អ មានប្រយោជន៍ ហើយផ្តល់ផលប្រយោជន៍ដល់អ្នកអាន អ្នកស្តាប់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងមានការរីកចម្រើនយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែជាប្រភពដែលគួរទុកចិត្តរបស់ប្រជាពលរដ្ឋជានិច្ច ព្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគេអាចក្លែងបន្លំបាន គេអាចបង្កើតព័ត៌មានក្លែងក្លាយពេលណាក៏បាន ប៉ុន្តែនៅប្រព័ន្ធផ្សព្វផ្សាយបុរាណដែលយើងមាន ដូចជាទូរទស្សន៍ វិទ្យុ កាសែត ទីភ្នាក់ងារសារព័ត៌មាន App ដែលចេញផ្សាយពីក្រសួងព័ត៌មាន គឺជាប្រភពដែលត្រូវតែផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាជន។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱ្យសិក្ខាកាមនូវចំណេះ ជំនាញ និងវិធីសាស្ត្រចាំបាច់ក្នុងការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាពិសេសវគ្គនេះនឹងជួយពង្រឹងសមត្ថភាពរបស់សិក្ខាកាម ក្នុងការបង្កើតមាតិកាប្រកបដោយការ ទទួលខុសត្រូវ និងអាចជឿទុកចិត្តបាន ដើម្បីចូលរួមកាត់បន្ថយ ឬទប់ស្កាត់ការរីកសាយភាយនៃ ព័ត៌មានក្លែងក្លាយតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

សម្រាប់លោកស្រីឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងទំនាក់ទំនងគ្នាផ្នែកវិស័យព័ត៌មាននេះ គឺជាតួនាទីសំខាន់នៅក្នុងទំនាក់ទំនងការទូត ហើយការដែលចាប់ផ្តើមដំបូង គឺកិច្ចសហប្រតិបត្តិការវាងប្រទេស និងប្រទេស គឺការង្កើតការបណ្តុះបណ្តាល ដែលផ្តល់ផលល្អដល់អ្នកសារព័ត៌មាន ដល់មន្ត្រីដែលធ្វើកិច្ចការងារលើវិស័យព័ត៌មាន ឱ្យដឹងយល់ពីតួនាទី និងភារកិច្ច ជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ ពេលសរសេរព័ត៌មានទៅមិនបង្កើតឱ្យមានការយល់ច្រឡំ។

លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងនូវការរីករាយជាមួយទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងប្រទេសទួរគីយេ និងប្រទេសកម្ពុជា ដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញ ទៅមក សាមគ្គីភាព និងទំនុកចិត្ត។ ដូច្នេះតាមរយៈកម្មវិធីបណ្តុះបណ្តាលនេះនឹងទទួលបានជោគជ័យជាផ្លែផ្កា និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសជាមិត្តរបស់យើងទៅមុខបន្តទៀត ។

លោក កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ (TRT) ដោយធ្វើការបណ្តុះបណ្តាល លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ការផលិតវីដេអូសម្រាប់បណ្តាញសង្គម, ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល, ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕