(ភ្នំពេញ)៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សហការជាមួយអង្គការ UNESCO នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្ដីពីគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នៅសណ្ឋាគារ Sunway។

សារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យ និងគណនេយ្យភាពសង្គម។ ទោះជាយ៉ាងណា សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី និងLGBTQ+ នៅតែជាបញ្ហាប្រឈមធំនៅកម្ពុជា។

អ្នកសារព័ត៌មានជាស្ត្រី និងLGBTQ+ ប្រឈមនឹងការគំរាមកំហែងផ្នែកយេនឌ័រ ដូចជាការវាយប្រហារតាមអនឡាញ ការបៀតបៀនផ្លូវភេទ ការរើសអើង និងការការពារមិនគ្រប់គ្រាន់ក្នុងនៅ ក្នុងវិស័យសារព័ត៌មាន។ បញ្ហាទាំងនេះកើតឡើងដោយសារវិសមភាពជាប្រព័ន្ធ ការខ្វះតំណាងក្នុងតំណែងជាអ្នកដឹកនាំ និងការខ្វះគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នសារព័ត៌មាន។

ការសិក្សានៅឆ្នាំ២០២០ របស់អង្គការ UNESCO បានបង្ហាញថា ៧៣% នៃអ្នកសារព័ត៌មានជាស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក ជួបប្រទះជាមួយអំពើហិង្សាតាមរយៈអ៉ីនធឺណេត ខណៈនៅប្រទេសកម្ពុជាមានតែ ៩.៤% នៃអ្នកសារព័ត៌មានជាស្ត្រី ហើយកាន់តែតិចទៅៗនៅក្នុងតំណែងជាអ្នកដឹកនាំ-សម្រេចចិត្តនៅក្នុងស្ថាប័នសារព័ត៌មាន។

លើសពីនេះ ការសិក្សានៅឆ្នាំ២០២៣ របស់អង្គការ UNESCO ដដែល បានរកឃើញថាស្ថាប័នសារព័ត៌មានភាគច្រើននៅកម្ពុជា ខ្វះគោលនយោបាយស្តីពីសមភាពយេនឌ័រ ឬសុវត្ថិភាពយេនឌ័រសម្រាប់អ្នកសារព័ត៌មានជាស្ត្រី។

ដើម្បីជួយបំពេញនូវចន្លោះខ្វះខាតទាំងនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្នុងការសហការជាមួយអង្គការ UNESCO និងក្រុមអ្នកស្រាវជ្រាវបានរៀបចំ គោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។

គោលការណ៍នេះបានសម្របតាមគោលការណ៍ណែនាំនៃការអនុវត្តអន្តរជាតិ និងសូចនាករយេនឌ័ររបស់ UNESCO ឱ្យសមស្របនឹងបរិបទក្នុងស្រុក ហើយវាបានទទួលការពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ពីភាគីពាក់ព័ន្ធនៅក្នុងវិស័យសារព័ត៌មាន និងស្ថាប័នដែលលើកស្ទួយសមភាពយេនឌ័រ ក្នុងគោលបំណងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព និងបរិយាបបន្ន ដោយការដោះស្រាយហានិភ័យ និងវិសមភាពយេនឌ័រ។

ផ្អែកលើគោលការណ៍ណែនាំសុវត្ថិភាពចុងក្រោយបង្អស់នេះ DMC នឹងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ដូចជា៖ សិក្ខាសាលាចំនួនបី នៅរាជធានីភ្នំពេញ, សិក្ខាសាលាចំនួន២ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីគោលការណ៍ណែនាំ ពង្រឹងការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពីតម្លៃរបស់វា និងលើកទឹកចិត្តឱ្យមានការអនុវត្តការងារដោយយកសុវត្ថិភាពយេនឌ័រជាគោល នៅក្នុងឧស្សាហកម្មសារព័ត៌មាននៅកម្ពុជា។

ចំពោះគោលបំណងសិក្ខាសាលា គឺ៖

ទី១៖ លើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធស្តីអំពីសារៈសំខាន់នៃគោលការណ៍សុវត្ថិភាពយេនឌ័រក្នុងការ បង្កើតក្រុមធ្វើការដែលមានសុវត្ថិភាព និងបរិយាបន្ន

ទី២៖ ធ្វើឱ្យអ្នកចូលរួមស្គាល់ពីគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រថ្មី និងការអនុវត្តជាក់ស្តែងរបស់ពួកគេនៅ ក្នុងការកំណត់នៃបន្ទប់ព័ត៌មាន

ទី៣៖ លើកទឹកចិត្តឱ្យស្ថាប័នសារព័ត៌មានបញ្ជ្រាបគោលការណ៍ណែនាំដើម្បីដោះស្រាយហានិភ័យផ្អែកវិសមភាព យេនឌ័រ និងឧបសគ្គដែលអ្នកសារព័ត៌មានជាស្ត្រី និង LGBTQ+ ជួបប្រទះ

ទី៤៖ ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសដែលមានសុវត្ថិភាព បរិយាបន្ន និង សមធម៌នៅក្នុងស្ថាប័នសារព័ត៌មានកម្ពុជា

សិក្ខាសាលានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការបង្កើតបរិយាកាសសារព័ត៌មានដែលមានសុវត្ថិភាព បរិយាបន្ន និងសមធម៌នៅក្នុងប្រទេសកម្ពុជា។ តាមរយៈ ការលើកកម្ពស់ការយល់ដឹង និងជំរុញទទួលយកការអនុវត្តសុវត្ថិភាពយេនឌ័រ, យើងអាចពង្រឹងសមត្ថភាពអ្នកសារព័ត៌មានជាស្ត្រី និង LGBTQ+ ឲ្យដោះស្រាយភាពមិនស្មើគ្នាជាប្រព័ន្ធ និងជំរុញការងារសារព័ត៌ជាមួយ នឹងទស្សនវិស័យដែលមានភាពចម្រុះ៕