(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានអ្នកជំងឺជាង៧ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៦២៩នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៤២១នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៩៨នាក់, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប៣៩នាក់, ការព្យាបាលដោយចលនា៤៥៧នាក់, កុមារបានទទួលថ្នាំបង្ការ៧៦៨នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់៩នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៨នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៧នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២៣៤នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៥៩នាក់, ពិនិត្យវិភាគដោយអេកូ១០៤នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,៣៩៤នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់៕