(ភ្នំពេញ)៖ សមាគមថ្មអារកម្ពុជា តំណាងប្រទេសកម្ពុជា នឹងនាំយកទង់ជាតិខ្មែរ និងសក្តានុពលថ្មអារកម្ពុជា ទៅបង្ហាញឱ្យពិភពលោកបានស្គាល់នៅក្នុងពិព័រណ៍ THE 25TH CHINA XIAMEN INTERNATIONAL STONE FAIR លើកទី២៥ ដែលជាពិព័រណ៍បង្ហាញពីសក្តាពលថ្មអារជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត។
ពិព័រណ៍ THE 25TH CHINA XIAMEN INTERNATIONAL STONE FAIR គឺជាការតាំងបង្ហាញ ថ្មក្រានីត ថ្មម៉ាប និងថ្មមានតម្លៃច្រើនប្រភេទ ពីក្រុមហ៊ុនបច្ចេកទេសច្នៃថ្ម និងក្រុមហ៊ុនថ្មទូទាំងពិភពលោក។ ពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅនៅក្នុងខេត្តហ្វូចៀន (Fujian) ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ និងមានអ្នកចូលរួមជាង២០០០នាក់ មកពី១២០ប្រទេសលើពិភពលោក។
ក្រុមហ៊ុនក្នុងវិស័យថ្មអារនៅប្រទេសកម្ពុជា ពិសេសលោកស្រី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត និងជាអនុប្រធានសមាគមថ្មអារកម្ពុជា តែងតែបង្ហាញវត្តមានចូលរួមព្រឹត្តិការណ៍ធំៗទាំងកម្រិតជាតិ តំបន់ និងពិភពលោក ដើម្បីជំរុញការវិនិយោគ និងផ្សព្វផ្សាយសក្តានុពលវិស័យថ្មអារ។
ក្នុងនោះលោកស្រី ឡេង ដាវី ធ្លាប់បានដឹកនាំគណៈប្រតិភូរបស់កម្ពុជា អញ្ជើញចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម, ចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ «The 21th China-ASEAN Expo» ទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន, ព្រឹត្តិការណ៍តាំងបង្ហាញថ្មម៉ាប Marmomac នៅ Verona Stone Fiere នៅប្រទេសអ៊ីតាលី ជាដើម។
សូមជម្រាបថា កម្ពុជា ក៏ជាទីតាំងអំណោយផលនៃការនាំចូលថ្មក្រានីត និងម៉ាបគ្រប់ប្រភេទដោយសារសក្តានុពលវិស័យសំណង់។ កម្ពុជាមានបំណងចង់ឱ្យវិស័យសំណង់ ពោរពេញដោយជីវិតរស់រវើក និងចង់ឱ្យទីក្រុងប្រកបទៅដោយវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ ព្រមទាំងគិតគូរដល់ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ដែលនឹងមានតម្រូវការច្រើននាពេលខាងមុខ៕