(ភ្នំពេញ)៖ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បានចែករំលែកអំពីបទពិសោធន៍មួយដែលត្រូវជនឆបោកទូរស័ព្ទទៅលើ ដោយប្រើសំឡេង AI បន្លំជាកូនប្រុស និងប្រឌិតថាជួបគ្រោះថ្នាក់ចរាចរណ៍ រួចបង្ខំឲ្យផ្ញើលុយសងទៅជនរងគ្រោះ ចំនួន៣,០០០ដុល្លារ។
តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម លោកអភិបាលស្រុក បានរៀបរាប់ថា មានលេខទូរស័ព្ទមួយ 099 976 832 បានទាក់ទងមកលោក ប៉ុន្ដែគេបានប្រើប្រាស់សំឡេង AI ដើម្បីឲ្យដូចជាមួយសំឡេងកូនប្រុសរបស់លោក និងបានប្រាប់ថា ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកកូនគេស្លាប់ ហើយគេទារសំណងចំនួន៥,០០០ដុល្លារ តែគាត់បានខ្ចីគេ២,០០០ដុល្លារហើយ នៅសល់៣,០០០ដុល្លារទៀត ឲ្យលោកជួយផ្ញើទៅ។
នៅពេលនេះ ជនឆបោកដែលប្រើប្រាស់លេខទូរស័ព្ទខាងលើ បានបង្ខំឲ្យលោកវេរលុយឲ្យលឿនតាមវីង ហើយហាមមិនឲ្យអ្នកណាដឹង និងមិនឲ្យបិទទូរស័ព្ទឡើងនៅពេលកំពុងធ្វើដំណើរទៅវេរលុយ។
ខាងក្រោមនេះ ជាសំណេរទាំងស្រុងរៀបរាប់ពីស្ថានភាពនៅពេលជនឆបោកទូរស័ព្ទមក និងជាសារដើម្បីដាច់តឿនដល់ប្រជាពលរដ្ឋផ្សេងទៀត៖
«លេខទូរស័ព្ទនេះ ជាលេខទូរស័ព្ទខលមកបោកប្រាស់ខ្ញុំដោយប្រើសម្លេង AI ជាសម្លេងកូនប្រុសខ្ញុំ មកនិយាយជាមួយខ្ញុំថា គាត់ (កូនប្រុសខ្ញុំ) បើកម៉ូតូបុកកូនក្មេងស្លាប់ គេទារ៥,០០០ដុល្លារ បញ្ចប់រឿង។ ប៉ុន្តែគាត់បានខ្ចីលុយគេ ២,០០០ដុល្លារ ហើយខ្វះ៣,០០០ដុល្លារទៀត សូមផ្ញើឲ្យបានឆាប់ ប៉ូលីសនឹងលែងឲ្យទៅផ្ទះហើយ។
* ចំណុចដែលគួរឲ្យសង្ស័យមាន៖
-ហេតុអីបានជាកូនខ្ញុំមិនប្រើលេខទូរស័ព្ទរបស់គាត់(របស់ខ្លួនឯង)?
-មិនឲ្យវេរតាមគណនីធនាគារទេ គឺត្រូវវេរតាមវីង។
-លេខទូរស័ព្ទដែលឲ្យវេរទៅមិនមែនជាលេខខលមកទេ គឺលេខផ្សេងមួយទៀត។
*វិធីសាស្ត្រគួរកត់សម្គាល់៖
-បង្ខំឲ្យយើងវេរឲ្យបានលឿនពេលខលមកយើងគឺព្យាយាមមិនឲ្យយើងបិទទូរស័ព្ទទេ ជជែកជាមួយយើងរហូត(តាមដានជំរុញឲ្យយើងវេរលុយឲ្យបានឆាប់)
-ព្យាយាមធ្វើឲ្យយើងនៅម្នាក់ឯង ហាមយើងមិនឲ្យប្រាប់ ឬពិភាក្សាជាមួយអ្នកណាផ្សេង ក្រៅពីបង្ខំយើងឲ្យវេរលុយឲ្យបានឆាប់។
*វិធីសាស្ត្រទប់ស្កាត់ ឬបង្ការ៖
-កុំសម្រេចចិត្តបន្ទាន់ៗតាមវាបង្ខំ។
-ត្រូវដកឃ្លាមកគិត គឺបិទទូរស័ព្ទឈប់ជជែកជាមួយវាសិនហើយគិត។
-សួរនាំ ឬរកគ្នាមកពិភាក្សា។
ឧទារហណ៍៖ កូនខ្ញុំមានគ្រោះចរាចរណ៍កូនខ្ញុំនិយាយជាមួយខ្ញុំហេតុអីបានគាត់មិនប្រើលេខទូរស័ព្ទគាត់។ ដូច្នេះ ខ្ញុំត្រូវខលទៅលេខទូរស័ព្ទកូនខ្ញុំដោយសួរថា៖
-កូននៅឯណា?
-ខ្ញុំនៅផ្ទះ
-កូនមានគ្រោះថ្នាក់ចរាចរណ៍អត់?
-អត់ផង។
ដូច្នេះ ខ្ញុំសន្និដ្ឋានបានថា គេប្រើសម្លេង AI (សម្លេងកូនប្រុសខ្ញុំ) បោកប្រាស់ខ្ញុំហើយ»៕