(ភ្នំពេញ)៖ ដោយសារតែជីវភាពក្រលំបាកលោក សឹង ភឺន អាយុ៧៥ឆ្នាំ រស់នៅស្រុកសំរោងទង បានបន្តប្រកបមុខរបរឡើងត្នោត ដើម្បីចិញ្ចឹមប្រពន្ធដែលមានជំងឺប្រចាំកាយ ព្រមទាំងកូនប្រុសម្នាក់មានជំងឺខ្សោយ សតិបញ្ញាពីកំណើត, ភាពងាយរងគ្រោះនេះ ត្រូវបានផ្សព្វផ្សាយដល់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា ដូច្នេះនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោកតា ដ៏កំសត់រូបនេះ ។

តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីផ្តល់អំណោយដល់លោកតាដ៏សែនកំសត់រូបនេះ លោកស្រីបានបន្តចុះពិនិត្យ ស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែលរស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត មានចាស់ឥតទីពឹង ជនពិការ និងគ្រួសារក្រីក្រមានកូនច្រើន ចំនួន ៤៩គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារ ងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។

ក្នុងឱកាសចុះនោះលោកស្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។

ជាមួយគ្នានេះ លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់ បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។

សូមជម្រាបថា អំណោយដែលលោកតា និងប្រជាជនចំនួន៤៩គ្រួសារទៀត ទទួលបានរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ៤យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ១លានរៀល៕